(បារាំង)៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោក ហែម សុវត្ថិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប និងជាប្រធានក្រុមការងារយុវជនគណបក្សទទួលបន្ទុកតំបន់ Troyes ខេត្តលូបឹស ប្រទេសបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា។
នៅក្នុងពិធីនោះក៏មានការប្រកាសសមាសភាពសមាជិកសមាជិកាថ្មី ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឡាំ បញ្ចពរ សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង តំណាងលោក លុយ ដេវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសបារាំង ព្រមទាំងប្រធាន អនុប្រធាន ថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ Troyes សរុបចំនួន ៥៣រូប។
ប្រធានក្រុមការងារ បានសំណេះសំណាល និងរំលឹកពីប្រវត្តិថ្នាក់ដឹកនាំគណបក្សគ្រប់រូប ដែលលោកបានយកជីវិតធ្វើជាដើមទុនក្នុងការតស៊ូបង្កើតគណបក្សប្រជាជនកម្ពុជាឱ្យរីកចម្រើន និងរឹងមាំដល់សព្វថ្ងៃ។
ក្នុងនោះផងដែរ ប្រធានក្រុមការងារ ក៏បានចែកសៀវភៅលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស ទិទានុលេខន៍ ២០២៤ និងវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃសាខាគណបក្ស និងសមាជិក សមាជិកាថ្មីដែលទើបចូលរួមជីវភាពនយោបាយជាមួយសាខាគណបក្សប្រចាំតំបន់ Troyes ខេត្តលូបឹស សាធារណៈរដ្ឋបារាំង៕