(ភ្នំពេញ)៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង 3CEP នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីពិភាក្សាអំពីផែនការចុះបេសកកម្មទៅកាន់ទីតាំងអនុវត្តគម្រោង និងពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែនក្នុងព្រះរាជាណាចក្រកម្ពុជា (3CEP)។

ពិធីនេះក៏មានការចូលរួមពីក្រុមការងារធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លោក លោកស្រី ជាប្រធាន អនុប្រធាន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីបច្ចេកទេស ជាសមាជិក សមាជិកាក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពទូទៅ និងទិសដៅនៃគម្រោង 3CEP ដែលផ្តោតលើផែនការកសាងនិងពង្រឹងសមត្ថភាព ការរៀបចំការងារកិច្ចលទ្ធកម្ម ព្រមទាំងពិភាក្សាអំពីទីតាំង និងបច្ចេកទេសក្នុងផែនការអនុវត្តគម្រោងនីមួយៗ (ចំនួន៥ ទីតាំង) ក្នុងគម្រោង 3CEP សំដៅពន្លឿនការអនុវត្តគម្រោងក្នុងពេលឆាប់ៗខាងមុខ ឱ្យស្របនឹងផែនការដែលបានដាក់ចេញ។

សូមបញ្ជាក់ជូនថា នេះជាបេសកកម្មលើកទីពីររបស់ AIIB ដែលបានអញ្ជើញមកជួបប្រជុំ និងបំពេញបេសកកម្មដោយផ្ទាល់ ជាមួយអង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT/PMU) ជាជំហានបន្តទៀត ក្រុមកាងារ MPWT/PMU និង AIIB នឹងចុះទៅពិនិត្យទីតាំងអនុវត្តគម្រោងដោយផ្ទាល់ ដើម្បធ្វើការសិក្សាបន្ថែមលើផ្នែកបច្ចេកទេស៕