(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានណែនាំឲ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ។ មានប្រសាសន៍ណែនាំបែបនេះខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្ត បានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទាំងនេះតម្រូវឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ចំពោះឯកសារកសាងបណ្ណ ហើយត្រូវពិនិត្យមើលលើផ្លូវច្បាប់ជាធំ ជៀសវាងការចុះបញ្ជី ធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខប្រជាពលរដ្ឋ។

ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកន្លងមក គឺទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលល្អនេះដែរ ក៏នៅមានភាពឆកល្វែងមួយចំនួន ដែលការចុះបញ្ជីខ្លះមិនបានយកអំណាចរដ្ឋ និងអំណាចច្បាប់ មកអនុវត្ត៍ គឺធ្វើការដោយឯកចិត្ត ប្រើអំណាចបុគ្គល ដែលតម្រូវឱ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវធ្វើយ៉ាងណាពិនិត្យលើឯកសារកសាងបណ្ណឱ្យបានល្អិតល្អន់ ដោយយោងទៅតាមគោលការណ៍ច្បាប់ តម្រូវការចាំបាច់របស់ពលរដ្ឋ និងកត្តាចាំបាច់មួយចំនួននៅមូលដ្ឋាន ក្នុងនាមយើងជាមន្ត្រីអនុវត្តន៍ច្បាប់។

ទន្ទឹមនេះ អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ សូមធ្វើជាមន្ត្រីដែលស្គាល់ ដែលយល់ដឹង និងចេះពីតម្លៃច្បាប់ ស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយត្រូវធ្វើជាមន្ត្រីល្អ ឱ្យពលរដ្ឋស្រឡាញ់និងមានទំនុកចិត្ត មិនធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហា។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។

លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ រក្សាឱ្យបាននូវតម្លៃ វីរៈភាព ស្នាដៃដែលបានធ្វើកន្លងមកបន្តទៀត ដើម្បីដើរតួជាអ្នកបម្រើឱ្យបានពិតប្រាកដទៅលើសុខទុក្ខ និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ដោយមានការឯកភាព ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងមន្រី្តរាជការមន្ទីរទាំងអស់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីថ្មី ជំនួសប្រធានមន្ទីរចាស់ ដោយការបោះឆ្នោតនេះ គឺតម្រូវឱ្យមានការជ្រើសរើសអនុប្រធានមន្ទីរទាំងអស់ ពីមន្ត្រីនៃមន្ទីរដោយការបោះឆ្នោតគាំទ្រ ហើយនេះគឺជាការបង្ហាញនូវតម្លាភាពក្នុងការជ្រើសរើសផងដែរ៕