(ជប៉ុន)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសជប៉ុន បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងសាខាគណបក្ស ប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងសំណេះសំណាលពិសាអាហារសាមគ្គី ចំនួន ៦ទីតាំងក្នុងប្រទេសជប៉ុន ដែលមានការអញ្ជើញចូលរួមពីប្រធានសាខា អនុប្រធានសាខា ជនបង្គោល សមាជិក-សមាជិកា សរុបប្រមាណ ៤០០នាក់។

កម្មវិធីអបអរសាទរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម ទុយ រី បានគូសបញ្ជាក់អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូ ពុះពារការលំបាកគ្រប់បែបយ៉ាង និងសមិទ្ធផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សបានសម្រេចបាននាពេលកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ក្រៅពីទីក្រុងតូក្យូ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសជប៉ុន បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅខេត្តហ៊ីរ៉ូស៊ីម៉ាចំនួន២ទីតាំង ខេត្តអាយឈិ ខេត្តហ្គីហ្វុ និងខេត្តហ្វូគូហូកា ដែលមានសមាជិកចូលរួមសរុបប្រមាណ ៤០០នាក់។

គោលបំណង នៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅលើទឹកដីប្រទេសជប៉ុនជាមួយបងប្អូនខ្មែរយើងនេះ គឺដើម្បីផ្តល់ឱកាសដល់បងប្អូន សមាជិក សមាជិកាគណបក្សបានជួបជុំគ្នា ទោះបីជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន និងដើម្បីផ្សព្វផ្សាយដល់សមាជិក សមាជិកាគណបក្សគ្រប់រូប និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជននៅក្រៅប្រទេស ឱ្យបានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លា របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ៕