(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស ដែលផលិតផលិតផល ដែលមានស្តង់ដារ គុណភាពល្អ ​​​សូមប្រើប្រាស់ស្តង់ដារជាតិ និងអន្តរជាតិរួមគ្នា ដើម្បីឱ្យការផលិតកាន់តែមានគុណភាព និងមានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិ​ ខណៈក្រសួងឧស្សាហកម្ម បាននិងកំពុងពង្រឹងលើការងារស្តង់ដារនេះផងដែរ។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះផលិតផលជាច្រើនដែលផលិតនៅកម្ពុជា គឺមានស្តង់ដារខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ ហេតុនេះវិស័យឯកជនដែលបានផលិតផលិតផលរួចហើយ ប៉ុន្តែមិនទាន់មានជាស្តង់ដារជាតិ សូមងាកមកប្រើស្តង់ដារជាតិរួមគ្នា។

លោកលើក​ឡើងថា ស្របពេលដែលអ្នកផលិតទាំងអស់ ​បានប្រើប្រាស់ស្តង់ដារអន្តរជាតិ ISO លោកក៏ចង់ឱ្យជួយគាំទ្រប្រើប្រាស់ស្តង់ដារជាតិផងដែរ ដូចជាស្តង់ដារ CS iso9001:2018 ជាដើម។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា «អីចឹងស្តង់ដារគេក៏យើងយក ស្តង់ដារយើងក៏យើងយក។ ​បើយើងយកស្តង់ដារគេ ISO ប៉ុន្តែយើងខ្មែរ បើយើងអត់មានស្តង់ដារខ្មែរក៏វាអត់កើតដែរ។ នេះជាចំណុចល្អមួយ ​នៅពេលដែលមានក្រុមហ៊ុនដែលគិតគូរពីស្តង់ដារជាតិ គឺនឹងជួយគ្នាទៅវិញទៅមក​។ ថ្ងៃក្រោយនៅពេលដែលនាំចេញទៅប្រទេសមួយចំនួន គេអាចនឹងសួររកស្តង់ដារ ISO​ ប៉ុន្តែគេក៏អាចទាមទារ រកស្តង់ដារជាតិផងដែរ​ បើយើងមានស្តង់ដារ ISO តែអត់មានស្តង់ដារជាតិក៏វាមិនកើតដែរ»

លោក ហែម វណ្ណឌី ជំរុញឱ្យគាំទ្រប្រើប្រាស់ស្តង់ដារជាតិបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចុះទស្សនកិច្ចរោងចក្រផលិតទុយោខេ&ខេ ផាយផ៍ ដែលវិនិយោគឡើងដោយសហគ្រិនខ្មែរ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។ ​ ​

ក្នុងឱកាសនោះដែរ លោកកត់សម្គាល់ថា រោងចក្រផលិតទុយោរបស់ខ្មែរមួយនេះ បានផលិតទុយោស្របតាមស្តង់ដារអន្តរជាតិ និងស្តង់ដារជាតិ ដែលចូលរួមចំណែកដល់ការលើកស្ទួយស្តង់ដារជាតិ ខណៈទុយោនេះក៏មានគុណភាពល្អ ជួយដល់ការកាត់បន្ថយការបាត់បង់ទឹក តាមរយៈទុយោ។

លោកបានលើកឡើងថា ការប្រើប្រាស់ទុយោ គឺសំខាន់ណាស់ ប្រសិនបើទុយោមានគុណភាព នឹងធ្វើវិស័យផ្គត់ផ្គង់ទឹកស្អាត កាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានផលិតតាមមានស្តង់ដារគុណភាពល្អ បរិភោគដោយមិនប៉ះពាល់សុខភាព ប៉ុន្តែយ៉ាងណាប្រសិនទុយោមិនមានគុណភាពល្អ នឹងធ្វើឱ្យទឹកនោះមានបញ្ហា ហេតុដូច្នេះហើយទើបលោកជំរុញឱ្យក្រុមហ៊ុនផលិតទុយោ យកចិត្តទុកដាក់បន្ថែមទៅលើ​ការផលិតរបស់ខ្លួន ដើម្បីគិតគូរដល់សុខភាពអ្នកប្រើប្រាស់។ បន្ថែមពីនេះ ការផលិតទុយោដែលមានគុណភាពខ្ពស់ក៏រួមចំណែកក្នុង
កាត់បន្ថយការបាត់បង់ទឹក ទៅក្នុងដី ខណៈដែលកន្លងមកការបាត់បងទឹកស្អាតតាមរយៈទុយគឺមានច្រើន ដោយសារការប្រើប្រាស់ទុយោដែលគ្មានគុណភាព ដែលធ្វើឱ្យវិស័យផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាប្រឈមច្រើន។

​ជាមួយគ្នានេះ លោកសង្ឃឹមថា ទុយោរបស់ក្រុមហ៊ុននេះ នឹងផលិតឡើងដោយមានតម្លៃ​សមរម្យ អាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ដើម្បីលើកស្ទួយការប្រើប្រាស់របស់ក្នុងស្រុក។

លោក គឹម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ខេ&ខេ ផាយផ៍ បានលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនខ្មែរដែលផលិតទុយោផ្គត់ផ្គង់ក្នុងស្រុក លោកបានគិតទៅលើគុណភាពជាចម្បង ​ដោយក្រុមហ៊ុនបានផលិតស្របតាមស្តង់ដារអន្តរជាតិ ISO 9001:2015 និងស្តង់ដារជាតិ ISO 4427-2:2021។

លោកថា កន្លងមក លោកធ្លាប់បានសហការជាមួយក្រុមហ៊ុនចិន ក្នុងការផលិតទុយោចែកចាយក្នុងស្រុក ប៉ុន្តែក្រុមហ៊ុននេះ ហាក់មិនបានយកចិត្តទុកដាក់លើការផលិតឱ្យគុណភាពនោះទេ ហេតុនេះហើយទើបលោកសម្រេចចិត្តបោះទុនវិនិយោគដោយផ្ទាល់ លើការផលិត​ផ្តោតលើគុណភាព​​ ដែលបង្ហាញថា កូនខ្មែរក៏អាចផលិតផលិតផលដែលមានស្តង់ដារខ្ពស់ផងដែរ។ ការវិនិយោគនេះ គឺដើម្បីកាត់បន្ថយការនាំចូលទុយោពីបរទេស ជួយពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ការងារ និងចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ​ពីបច្ចេកទេស និងនវានុវត្តសម័យថ្មី​៕