(បន្ទាយមានជ័យ)៖ ស្ពាន​មួយ​ខ្សែ មាន​ប្រវែងបណ្តោយ ៩០​ម៉ែត្រ ទទឹ៥ម៉ែត្រ​ ឆ្លងកាត់​ស្ទឹង​សិរីសោភ័ណ ស្ថិតក្នុងសង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។

ស្ពាននេះ កសាង​តាំងពី​ឆ្នាំ​១៩៦០​មកម្ល៉េះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ពេក បណ្ដាលឲ្យ​ទឹក​ហូរ​បោកបក់​យ៉ាងខ្លាំងបាក់​រលំតាំងពីឆ្នាំ​២០១៨។​ លុះចូល ឆ្នាំ២០២៤នេះ ស្ពានត្រូវរាជរដ្ឋាភិបាលកសាងឡើងវិញ កំពុងចេញរូបរាងជាបណ្តើរៗហើយ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួល។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២៤ លោក ជី ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ហ៉ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា មន្ត្រី អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមបើកការដ្ឋានសាងសង់ស្ពាននេះបន្ត។

លោក ស្រេង សុផល ថ្លែងថា ការសាងសង់​ស្ពានបេតុង​មួយ​ខ្សែ​នេះ ត​ភ្ជាប់​ពី​ភូមិ​៣ ឆ្លងកាត់​ស្ទឹង​ទៅ​ភូមិ​ ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ឆ្លងកាត់ចំ​វត្ត​ព្រះ​ពន្លា​តែម្ដង។

លោក ជា យុទ្ធារុន ឲ្យដឹងថា ការសាងសង់ស្ពាននេះ ផ្តួចផ្តើមឡើងដោយសម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​ រាជរដ្ឋាភិបាលអាណត្តទី៧ និងសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ដល់​ជាអំណោយជាស្ពាន​មួយ​ខ្សែ​នេះ​ តាមរយៈ​ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ។

លោក ជី ស៊ីថា ថ្លែងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ រួមមាន​ផ្លូវ​ស្ពាន​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​អាច​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​បន្ថែមទៀត៕