(កំពង់ចាម)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

លោកអភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី ៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្ដោតលើគោលដៅ៣ សំខាន់ៗគឺ៖ 

*ទី១៖ ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
*ទី២៖ ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា
*ទី៣៖ ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។

លោកអភិសន្តិបណ្ឌិត បានយកឱកាសនោះ ថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបាន តម្រូវការ ជាក់ស្ដែង នៃការងារបណ្តុះបណ្តាលធនធានមនុស្ស និងថ្លែងអំណរគុណផងដែរ ដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគនានា។

អភិសន្តិបណ្ឌិត បានផ្តាំផ្ញើរដល់ប្អូនៗ ជាសិស្សនគរបាលជ័យលាភី ត្រូវពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ច ទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ៕