(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះមុនីសីលវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះបានបើកការដ្ឋានសាងសង់បេតុងផ្លូវ១ខ្សែ ប្រវែង១៥៦ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិតាព្រៃ ភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក ខណៈផ្លូវនេះជាផ្លូវដ៏សំខាន់ក្នុងការសម្រួលការធ្វើដំណើរ ជំរុញសេដ្ឋកិច្ច និងដឹកជញ្ជូនជូនប្រជាជនឱ្យកាន់តែងាយស្រួល។

លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ផ្លូវមួយខ្សែគឺជាផ្លូវជំរុញសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់  ជាផ្លូវសម្រាប់ប្រជាជនធ្វើដំណើរទៅធ្វើស្រែចម្ការ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការប្រកបមុខរបរផ្សេងៗ ហើយក៏ជាផ្លូវដែលសិស្សានុសិស្សត្រូវធ្វើដំណើរទៅសាលាជាចាំបាច់។

ពីដើមឡើយ ផ្លូវនេះជាផ្លូវក្រាលក្រួសក្រហមនោះទេ ប៉ុន្តែក្រោយពេលព្រះគ្រូ តុន ពិសី ផ្ដួចផ្ដើមគំនិតកែលម្អទៅជាផ្លូវបេតុង និងព្រះអង្គក៏បានដឹកនាំសាងសងផ្លូវបេតុងចំនួន២,១០២ ម៉ែត្ររួចមកហើយ។

លោកអភិបាលស្រុកក៏បានលើកឡើងថា ការណ៍ដែលក្រុមការងារមានឱកាសបានកសាងផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូន និងប្រកបការងារអាជីវកម្មដោយភាពងាយស្រួលសុខសាន្តនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលតែងតែគិតគូរចំពោះការរស់នៅរបស់ប្រជាពលរដ្ឋជាចាំបាច់។

លោកអភិបាលបានពន្យល់អំពីមាគ៌ានយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រកាន់សន្តិភាពជាធំ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនបានខិតខំកសាងកន្លងមកក្ដី ពេលបច្ចុប្បន្នក្ដី និងចូលរួមចំណែកក្នុងការកសាងនៅពេលខាងមុខទៀត ដើម្បីឱ្យមូលដ្ឋានមានសមិទ្ធផលគាំទ្រប្រកបដោយភាពសម្បូរបែប។

ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំពង្របានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងសមិទ្ធផលថ្មីនេះយ៉ាងខ្លាំង និងប្ដេជ្ញាចូលរួមសហការសម្រួលដល់ការកសាងផ្លូវមួយខ្សែនេះ ខណៈអ្នកខ្លះក៏ស្ម័គ្រចិត្តលះបង់របងផ្ទះ ឈើដំណាំ និងរបស់របរផ្សេងៗទៀត ដើម្បីសម្រួលដល់ក្រុមការងារសាងសង់ផ្លូវដោយក្ដីជ្រះថ្លា៕