(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។ កិច្ចមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំក្រសួងក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សា និងពិនិត្យលើរបាយការណ៍៦ខែមកនេះ ដែលក្នុងនោះមានដូចជា សភាពការណ៍យោធានៅតាមតំបន់ព្រំដែន, សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស, ការបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ, ការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងគណៈប្រតិភូជាតិ អន្តរជាតិ, ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនិងបំប៉នជំនាញ, ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពជើងគោក កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» ជាដើម។

ទន្ទឹមនឹងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងឆមាសទី១នេះ លោកថា ក្រសួងការពារជាតិ ក៏បានដាក់ចេញទិសដៅអនុវត្តប​ន្តមួយចំនួន សម្រាប់ឆមាសទី២ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ដោយបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ, ចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន និងបន្តធ្វើការកែទម្រង់កងទ័ពតាមផែនការ និងលទ្ធភាពជាក់ស្តែង បន្តអនុវត្តការងារហ្វឹកហ្វឺនបណ្តុះបណ្តាល បំប៉នជំនាញផ្សេងៗដល់កងយោធពលខេមរភូមិន្ទជាដើម។ កងយោធពលខេមរភូមិន្ទ ក៏នឹងបន្តត្រៀមកម្លាំង មធ្យោបាយ គ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ​ ដែលកើតឡើងជាយថាហេតុ បន្តធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យខាងតែបានដាច់ខាតចំពោះសកម្មភាពភេរវកម្ម និងបដិវត្តន៍ពណ៌ណាមួយ។ កងយោធពលខេមរភូមិន្ទ បន្តប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដែលគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យកងយោធពលខេមរភូមិន្ទ បន្តធ្វើកំណែទម្រង់ និងទំនើបកម្មជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ ដើម្បីធានាដល់និរន្តរភាពសមត្ថភាពការពារជាតិរបស់កម្ពុជា ឆ្លើយតបនឹងការវិវឌ្ឍនៃសភាពការណ៍ពិភពលោកបច្ចុប្បន្ន និងថ្ងៃអនាគត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជំរុញឱ្យបណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ យកចិត្តទុកដាក់ក្នុងការពង្រឹងការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាក្រសួងស្ថាប័ន អង្គភាព និងមន្ទីរនានា ចំណុះរាជរដ្ឋាភិបាល ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង។

នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំជំរុញឱ្យមានវិធានការម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យរកសារធាតុញៀន នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងករណីដែលរកឃើញយោធិនណាម្នាក់មានការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែង។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការពង្រឹងវិន័យតាមបណ្តាអង្គភាពចំណុះកងទ័ព ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ របៀបរៀបរយ និងគ្រប់គ្រងចំនួនទ័ពឱ្យកាន់តែល្អប្រសើរថែមទៀត។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តការងារស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងអនុវត្តតួនាទីភារកិច្ចជាក់ស្តែងចំពោះមុខ ដោយសម្រេចបាន នូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់៕