(ភ្នំពេញ)៖ បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនកុំឲ្យចោរលួច បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកបុរសនោះរួចគេចខ្លួនទាំងគ្រួសារ និងលើកសពក្មេងប្រុស រងគ្រោះដាក់លើរ៉ឺម៉ក ទៅជាមួយបាត់ទៀត ដោយពុំដឹងថាយកទៅចោលនៅទីណានោះទេ។

ចំណែកក្រុមគ្រួសារក្មេងប្រុសរងគ្រោះ ក្រោយពីបាត់ក្មេងប្រុសនោះ បាននាំគ្នាតាមរកគ្រប់ច្រកល្ហក ប៉ុន្តែមិនបានឃើញនោះទេ ក៏សុំអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបឃើញពីសកម្មភាពកូនឆក់ខ្សែភ្លើង និងត្រូវបុរសអ្នកលក់នោះដឹកសពចេញគេចខ្លួន។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែលនោះ ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពដូចការរៀបរាប់ខាងលើនោះ។

ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មានស្រុកកំណើតភូមិផ្សាលិច ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ មានទីលំនៅភូមិធ្លក ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តតបូងឃ្មុំ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមការរៀបរាប់ពីម្តាយជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កូនប្រុសគាត់បានដេកនៅក្នុងឃ្លាំងមួយនៅជិតនោះ ហើយក្រោយមកក៏បានបាត់ខ្លួនរហូតមិនឃើញទៅផ្ទះ បន្ទាប់មកគាត់ និងក្រុមគ្រួសារបាននាំគ្នាតាមរកគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះទេ។

លុះដល់រហូតដល់វេលាយប់វេលាយប់ថ្ងៃទី០១ ខែកក្កដា បានឆែកកាមេរ៉អ្នកជិតខាងមើល ស្រាប់តែឃើញកូនប្រុសគាត់ចេញមកនោមនៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោង ម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿងហើយក៏បានដួលលើដី ។

ស្រ្តីរូបនោះបាននិយាយទៀតថា ពេលនោះទើបដឹងថាកូនប្រុសគាត់ត្រូវចរន្តអគ្គិសនីឆក់ដែលម្ចាស់រ៉ឺម៉កនោះតការពាររ៉ឺម៉កឆក់បណ្ដាលឲ្យស្លាប់ ហើយរហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូបប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង។ បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍បែបនេះ ម្ដាយក្មេងប្រុសរងគ្រោះបានដាក់ពាក្យប្ដឹង ហើយនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងកងរាជអាវុធហត្ថខណ្ឌ បានចុះធ្វើការស្រាវជ្រាវ ទាំងយប់ រហូតដល់ព្រឹកថ្ងៃទី២ ខែកក្កដា ក៏នៅតែបន្តធ្វើការស្រាវជ្រាវហើយកំណត់បានមុខសញ្ញាអស់ហើយដែរ៕