(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឱ្យអង្គភាពទាំងអស់ចំណុះក្រសួងការពារជាតិ មានវិធានការម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យរកសារធាតុញៀនក្នុងជួរកងទ័ព។

លោកនាយឧត្តមសេ​នីយ៍ បានព្រមានថា ក្នុងករណីដែលរកឃើញយោធិនណាម្នាក់មានការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែងនោះឡើយ។ នេះបើតាមការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។

ការព្រមានរបស់រដ្ឋមន្រ្តីការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យកងយោធពលខេមរភូមិន្ទ បន្តធ្វើកំណែទម្រង់ និងទំនើបកម្មជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ ដើម្បីធានាដល់និរន្តរភាពសមត្ថភាពការពារជាតិរបស់កម្ពុជា ឆ្លើយតបនឹងការវិវឌ្ឍនៃសភាពការណ៍ពិភពលោកបច្ចុប្បន្ន និងថ្ងៃអនាគតផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសសួងការពារជាតិ ក៏បានជំរុញឱ្យមានការពង្រឹងវិន័យតាមបណ្តាអង្គភាពចំណុះកងទ័ព ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ របៀបរៀបរយ និងគ្រប់គ្រងចំនួនទ័ពឱ្យកាន់តែល្អប្រសើរថែមទៀត៕