(ភ្នំពេញ)៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់បានជ្រៀតជ្រែកការងារសហជីព ដោយធ្វើជាខ្នងបង្អែកនៅពីក្រោយការចងក្រងសហជីពតាមមូលដ្ឋាន ដោយប្រើពាក្យថា «សហជីពឯករាជ្យ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មានចេតនាអុកឡុកស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិចពន្លករីកចម្រើនក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំង។

លោកបានថ្លែងបែបនេះក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ក្រោយដាក់ញត្តិប្តឹងទៅក្រសួងមហាផ្ទៃ សុំជួយអន្តាគមន៍ពិនិត្យភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំកម្ពុជា។

តាមប្រសាសន៍លោកហ្វា សាលី អង្គការសង់ត្រាល់បានជ្រៀតជ្រែកកិច្ចការងារសហជីព ជ្រោមជ្រែងបង្កើតឱ្យមាន សហជីព ឯករាជ្យ ដែលធ្វើតាមបញ្ជារបស់ខ្លួន ក្នុងការបម្រើនយោបាយបរទេស ចោទប្រកាន់ លាបពណ៌ថាសហជីពស្របច្បាប់នៅកម្ពុជា ថាជាសហជីពពណ៌លឿង ដែលជាការញុះញង់នាំឱ្យបែកបាក់សាមគ្គី ធ្វើឱ្យអន្តរជាតិយល់ច្រឡំ លែងទុកចិត្តចំពោះ សុខសន្តិភាពរបស់ប្រទេសជាតិ និងព្រួយបារម្ភចំពោះការបណ្តាក់ទុន។

លោកថ្លែងថា៖ «ខ្ញុំបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ឱ្យពិនិត្យទៅលើការជ្រៀតជ្រែកទាំងឡាយណា របស់អង្គការសង់ត្រាល់នេះពីព្រោះយើងឃើញថា សជីពឯករាជ្យមួយចំនួនត្រូវបាន បង្កើតនិងជ្រោមជ្រែងដោយអង្គការនេះនៅពីក្រោយ ឈ្មោះថា សហជីពការពារសិទ្ធិកម្មករ ប្រមាណ៥-៦រោងចក្រដែលយើងរកឃើញ។ ដូចច្នេះយើងអំពាវនាវឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាកោះអញ្ចើញថ្នាក់ដឹកនាំសហជីពទាំងនោះមកពិនិត្យនិងសិក្សាស្រាវជ្រាវអំពីឬគល់ក៏ដូចជា ហិរញ្ញវត្ថុមួយចំនួនដែល សហជីពមូលដ្ឋានោះប្រើ។»

លោកបន្ថែមថា៖ «យើងអត់អាចលើកលែងបានទេ ពីព្រោះរបាយការណ៍ទាំងអស់នេះ ធ្ងន់ធ្ងរខ្លាំងណាស់ វាធ្វើឱ្យប៉ះពាល់ដល់ ស្ថេរភាពនៅកម្ពុជា ទៅដល់អ្នកបញ្ជាទិញ ទៅដល់ការវិនិយោគថ្មីៗ។ហើយកម្មករបច្ចុប្បន្នកំពុងតែធ្វើការងារយ៉ាងសស្រាក់សស្រាំ មានការងារគ្រប់គ្រាន់ អ៊ីចឹងកុំឱ្យកម្ពុជាចាប់ផ្តើមមានពន្លកហើយគាត់នាំគ្នាទៅក្តិចដូចច្នេះខ្ញុំទទួលយកអត់បានទេ ក្នុងនាមជាអ្នកការពារសិទ្ធិកម្មករ។»

លោកបញ្ជាក់ថា របាយការណ៍ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ របស់សង់ត្រាល់ ជារបាយការណ៍គ្មានមូលដ្ឋានប្រភពច្បាស់លាស់គ្រប់គ្រាន់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ញុះញង់បំបែកបំបាក់ ធ្វើឱ្យមានការរើសអើង។ ក្នុងរបាយការណ៍សង់ត្រាល់សម្ភាសន៍សហជីពតែ១០ ក្នុងចំណោម១៤ រោងចក្រ ក្នុងគម្រោងរោងចក្រកាន់តែប្រសើររបស់ ILO-BFC មិនអាចតំណាងកម្ពុជាតាំងមូលបានទេ ព្រោះសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ ០០០ រីឯរោងចក្រវាយណភណ្ឌ និងកាត់ដេរមានរហូតដល់ជាង១ ៥០០ រោងចក្រ៕