(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតអំពាវនាវឱ្យមេធាវី មេធាវីកម្មសិក្សា និងបុគ្គលិកគណៈមេធាវីទាំងអស់ ចូលរួមប្រើបណ្តាញទំនាក់ទំនងសង្គម CoolApp ដើម្បីលើកស្ទួយ និងលើកទឹកចិត្តស្នាដៃពលរដ្ឋខ្មែរ។

បើតាមសេចក្តីអំពាវនាវរបស់គណៈមេធាវីកម្ពុជា, កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មានការប្រកាសដាក់ឱ្យប្រើជា ផ្លូវការនូវកម្មវិធីទំនាក់ទំនងឈ្មោះថា CoolApp ដែលបង្កើតឡើងដោយក្រុមជំនាញ បច្ចេកទេសខ្មែរជាច្រើននាក់ ហើយមានមុខងារជាច្រើនដូចជា ការជជែកសន្ទនា (Chat) និងការហៅទូរសព្ទជាសំឡេងនិងវីដេអូ ដោយប្រើតាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាព។

កម្មវិធី CoolApp នេះជាបណ្តាញទំនាក់ទំនងសង្គមដូចជា Telegram និង WhatsApp ដែរ ហើយបច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store រួចហើយ។ ដូចនេះ គណៈមេធាវីកម្ពុជា បានធ្វើការអំពាវនាវដល់មេធាវី មេធាវីកម្មសិក្សា និងបុគ្គលិកគណៈមេធាវីទាំងអស់ ចូលរួមប្រើបណ្តាញទំនាក់ទំនងសង្គម CoolApp នេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយ និងលើកទឹកចិត្តស្នាដៃពលរដ្ឋខ្មែរ របស់យើង៕