(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ និងលោក ហ៊ុន សុរិទ្ធី អភិបាលរង តំណាងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោក ហ៊ុន សុរិទ្ធី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសវិស័យសន្តិសុខជាតិ ដោយវិស័យនេះ វាជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យរីកចម្រើន។

លោក ហ៊ុន សុរិទ្ធី បានបន្តថា លក្ខណៈសម្បត្តិទាំង ០៧ចំណុច នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គឺ៖

* ១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
* ២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
* ៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
* ៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
* ៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
* ៦៖ មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ។
* ៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានលើកឡើងថា នៅ៦ខែដើមឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងម៉ឹងម៉ាត់ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាបានសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ រក្សាសន្តិសុខ សណ្តាប់យ៉ាងល្អប្រសើរផងដែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

លោកសន្តិបណ្ឌិត ខៀវ សុភ័គ បន្តទៀតថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ។ ដើម្បីឲ្យប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ រក្សាបានសន្តិសុខ។ សន្តិសុខ សណ្តាប់ធ្នាប់ផ្តើមចេញបុគ្គលខ្លួនឯង បើបុគ្គលខ្លួនឯង មានសន្តិសុខ អាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ មានសន្តិសុខ នោះប្រទេសជាតិទាំងមូល ក៏មានសន្តិសុខពេញបរិបូរណ៍ដែរ។

លោកសន្តិបណ្ឌិត បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ក្នុង១ឆ្នាំៗ សម្លាប់មនុស្សជាង ២០០០នាក់ ដែលជាមធ្យមក្នុង១ថ្ងៃសម្លាប់មនុស្សប្រមាណ៥នាក់។ ក្នុងនាមជាសមត្ថកិច្ច ត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវអត្រាមរណភាពឲ្យនៅក្រោម៥នាក់ក្នុងមួយថ្ងៃ។ លោកសង្ឃឹមថា អាជ្ញាធរ រាជធានីភ្នំពេញ នឹងខិតខំបំពេញការងារឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ៕