(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានស្ងើចសរសើរដល់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបានយ៉ាងល្អប្រសើរ ចំពោះការយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ពិសេសការទប់ស្កាត់បង្ក្រាបក្មេងទំនើង និងបញ្ហាគ្រឿងញៀន ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ថេង សុថុល បានលើកឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យ និងពង្រឹងបន្ថែមទៀត លើការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ, បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ, ចៅសង្កាត់, អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីមួយចំនួនទៀត នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

លោក ថេង សុថុល បានសង្កត់ធ្ងន់ចំពោះការលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា៕