(ចិន)៖ នៅរសៀលថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Wang Lixin ប្រធានក្រុមហ៊ុន China Railway Construction Corporation Limited (CRCC)។

ជំនួបនេះបានធ្វើឡើងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល នៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងអាស៊ាន និងចិន ក្នុងគោលដៅពង្រឹងការតភ្ជាប់ និរន្តភាព និងភាពធន់នៃការដឹកជញ្ជូនថ្នាក់តំបន់រយៈពេលវែង។

នៅក្នុងឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន ក៏បានទស្សនាសាលតាំងពិព័រណ៌ China Railway Construction និងបានឃើញផ្ទាល់ភ្នែកនូវនវានុវត្តន៍ដ៏ទំនើប នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដោយក្រុមហ៊ុន CRCC ជាពិសេស បច្ចេកវិទ្យាអភិវឌ្ឍន៍ផ្លូវដែកចិន ព្រមទាំងសមិទ្ធផលកសាងផ្លូវដែកផងដែរ៕