(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានណែនាំដល់ម្ចាស់ក្បាលដី ដែលរស់នៅសងខាងព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ការចាក់ដីរំលោភយកដីព្រែក និងត្រូវរុះរើចេញជាបន្ទាន់នូវរាល់សំណង់សង់លើដីចំណីព្រែកមកប្រើប្រាស់ជាប្រយោជន៍ឯកជន ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ដើម្បីកំណត់ព្រំដីរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន។

លោក ជិន ប៊ុនធឿន បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែង ដើម្បីបញ្ជៀសរាល់ការលិចលង់ និងការកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរឡើងវិញ នៅត្រង់ចំណុចខាងមុខបុរីសម្បត្តិមាស ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងដំណើរដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្តារព្រែកអូរវែងនេះដែរ បានបញ្ជាក់ថា ព្រែកអូរវែងត្រូវបានម្ចាស់ក្បាលដីនៅសងខាងព្រែកនេះ ចាក់ដីរំលោភយក និងសាងសង់សំណង់រឹងលើចំណីព្រែក។

លោកអភិបាលខណ្ឌបន្តថា ព្រែកអូរវែងមានទំហំ៨០ម៉ែត្រ ក្នុងនោះ តួព្រែកមានទំហំ៣០ម៉ែត្រ និងចំណីព្រែកសងខាងមានទំហំ២៥ម៉ែត្រ ដោយមានផ្លូវជាប់មាត់ព្រែកសងខាងមានទំហំទទឹង១០ម៉ែត្រ សម្រាប់សម្រួលចរចរណ៍ និងងាយស្រួលចល័តគ្រឿងចក្រ ដើម្បីសម្អាតនិងស្តារព្រែក និងសម្រួលដល់ចរន្តទឹកហូរលឿន ហើយបញ្ចៀសបាននូវការលិចលង់ដោយសារជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋានខណ្ឌចំនួន៥ របស់រាជធានីភ្នំពេញ៕