(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ​កិច្ច​អាស៊ាន និងអាស៊ីបូព៌ា (ERIA) គ្រោងអញ្ជើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចែករំលែកបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាព និងការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។

បំណងនេះ ត្រូវបានបញ្ជាក់ដោយលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ក្នុងពេលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ បានជម្រាបសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ ERIA នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ មានជំនួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកសាស្ត្រាចារ្យ បានជម្រាបសម្តេចធិបតីថា តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។​

បន្ថែម​ពីនេះ​ លោកសាស្ត្រចារ្យ​ Tetsuya Watanabe​ ក៏បានជម្រាបអំពីបំណងអញ្ជើញសម្តេចតេជោ ធ្វើជាវាគ្មិន​ពិសេស​ នៅ​ ERIA School of Government ដើម្បីចែក​រំលែកបទពិសោធន៍ជោគជ័យ​ នៃដំណើរស្វែងរកសន្តិភាព​ និង​បញ្ចប់សង្គ្រាម​នៅកម្ពុជា​ ដល់សិក្ខាកាម​ដែលជាមន្ត្រីសាធារណៈ​។ ជាពិសេសជោគជ័យរបស់កម្ពុជា ក្នុងការ​ចូលរួមចំណែកថែរក្សា​សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក សាស្ត្រចារ្យ និងគណៈប្រតិភូនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាម រយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈចំពោះកត្តាប្រឈមដែលអាចកើតមានឡើងខណៈដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

ទន្ទឹមនឹងនេះ  សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជា​នាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សលើវិស័យឧស្សាហកម្ម៕