(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ថា ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ នឹងធ្វើឱ្យទំហំសេដ្ឋកិច្ចរបស់កម្ពុជា មានការកើនឡើង និងធ្វើឱ្យផ.ស.ស សម្រាប់មនុស្សម្នាក់ ​មានទំហំធំជាងមុន ដែលនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងការឈប់ទទួលបានហិរញ្ញប្បទានដែលមានភាពអនុគ្រោះ ឬការទទួលបានភាពអនុគ្រោះពន្ធនៅពេលនាំចេញទៅកាន់ទីផ្សារប្រទេសមួយចំនួន ប៉ុន្តែកម្ពុជាត្រូវតែមានការផ្លាស់ប្តូរ ដើម្បីបង្ហាញពីកំណើនល្អប្រសើរនៃសេដ្ឋកិច្ច ដែលជាបច្ច័យដល់ការចាកចេញរបស់កម្ពុជាពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

លោកបណ្ឌិត ផាន់ ផល្លា លើកឡើងបែបនេះ ធ្វើឡើងក្នុង ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ​។

លោកបន្តថា ការផ្លាស់ប្តូរនេះ គឺដោយសារប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទៅតាមស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច ដោយសារវិស័យខ្លះបានរីកលូតលាស់ថ្មី ​ដែលត្រូវតែបញ្ចូលវិស័យទាំងនេះ ដើម្បីបញ្ជាក់ពីភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ច។

លោក ទេព ភិយ្យោរិន្ទ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ បានធ្វើឱ្យទំហំសេដ្ឋកិច្ចរបស់កម្ពុជា មានការកើនឡើង និងធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់ ក៏មានទំហំធំជាងមុន​។ ជាមួយគ្នានេះ មូលដ្ឋានសេដ្ឋកិច្ចឆ្នាំគោលថ្មី ក៏ធ្វើឱ្យកំណើន ផ.ស.ស និងកំណើនតាមវិស័យ និងអនុវិស័យនីមួយៗ មានការប្រែប្រួលផងដែរ បើធៀបនឹងឆ្នាំគោលចាស់។ ​

លោកលើកឡើងថា ការរីកធំនៃទំហំសេដ្ឋកិច្ច ក៏ផ្តល់ជាបច្ច័យដល់ការចាកចេញរបស់កម្ពុជាពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ​និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០។

លោកលើកឡើងផងដែរថា បន្ទាប់ពីការផ្លាស់ប្តូរនេះ ជារចនាសម្ព័ន្ធសេដ្ឋកិច្ច​ វិស័យកសិកម្មថយចុះ ឯវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង។ ការបន្តរីកធំនៃវិស័យឧស្សាហកម្មដោយផ្អែកលើតួលេខ ផ.ស.ស ឆ្នាំគោលថ្មី ឆ្នាំ២០១៤ បានសបញ្ជាក់ឱ្យឃើញការកើនឡើងនូវតួនាទីនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ ដែលតម្រូវឱ្យមានការគិតគូរជំរុញអភិវឌ្ឍវិស័យឧស្សាហកម្មសំខាន់ ការកំណត់អត្តសញ្ញាណវិស័យឧស្សាហកម្មសក្តានុពលផ្សេងៗទៀតក្រៅពីវិស័យកាត់ដេរ និងការបន្តលើកកម្ពស់វិស័យកសិកម្ម។

លោកបន្តថា ការកើនឡើងនៃទំហំសេដ្ឋកិច្ចកម្ពុជា ស្របគ្នាទៅនឹងការត្រៀមខ្លួនចាកចេញពី LDC ក៏អាចនឹងធ្វើឱ្យកម្ពុជាបាត់បង់នូវភាពអនុគ្រោះមួយចំនួនផងដែរ ដែលក្នុងនោះរួមមាន ការទទួលបានហិរញ្ញប្បទាន ជាពិសេសក្នុងទម្រង់ជាជំនួយ និងហិរញ្ញប្បទានដែលមានកម្រិតសម្បទាន និងភាពអនុគ្រោះខ្ពស់។ ភាពអនុគ្រោះនៃការនាំចេញ ដែលប្រឈមទៅនឹងការដំឡើងពន្ធជាដើម ​ព្រមជាមួយគ្នានេះ លក្ខខណ្ឌពិសេស និងភាពបត់បែនផ្សេងទៀត ក៏ដូចជាការបាត់បង់ភាពអនុគ្រោះទាំងបី​ប្រភេទក្នុងទីផ្សារបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន ពោលគឺលុបចេញនូវភាពអនុគ្រោះផ្នែកអត្រាពន្ធនាំចូល និងភាពអនុគ្រោះលក្ខខណ្ឌនៃវិធានដើមកំណើត ជាពិសេសបន្ទាប់ពីការចាកចេញពី LDC​៕