(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលទាំងស្រុង ចំពោះការផ្សាយចោទប្រកាន់របស់សារព័ត៌មាន The Wall Street Journa អំពីនាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។

ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានចុះផ្សាយចោទប្រកាន់ថា នាវាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ មិនឃើញត្រឡប់ទៅវិញឡើយ ទោះបីជាសមយុទ្ធនាគមាស បានបិទបញ្ចប់ក៏ដោយ។ សារព័ត៌មាននេះ ក៏បានចោទប្រកាន់ផងដែរ ចំពោះការរៀបចំនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយថា មានការបែងចែកដាច់ពីគ្នារវាងតំបន់សម្រាប់មូលដ្ឋាននាវាចិនផ្សេង និងនាវាកម្ពុជាផ្សេងពីគ្នា ដោយមានការរឹតត្បិតជាដើម។

ជុំវិញការចោទប្រកាន់នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា៖ «នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនមែនជានាវាកន្លងទៅ ដែលមកចូលរួមសមយុទ្ធនាគមាសនោះទេ»

នាយឧត្តមសេនីយ៍ បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ជាពិសេសនោះ ការផ្សព្វផ្សាយបែបនេះ ជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតឡើយ។ លោកបានបន្តថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការ អភិវឌ្ឍជាបន្តបន្ទាប់ដោយមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមិនមានភាពចាំបាច់ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះទេ។

ជាមួយគ្នានេះ នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ នោះគឺ «ទី១ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និងទី២ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»

នាយឧត្តមសេនីយ៍ ឈុំ សុជាត សង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕