(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានអោយដឹងថា កម្ពុជានឹងដាក់ចេញបទប្បញ្ញត្តិថ្មីដែលតម្រូវឱ្យរោងចក្រ សហគ្រាសទាំងអស់ដំឡើងឧបករណ៍បន្សុទ្ធខ្យល់ ដើម្បីការពារបរិស្ថាន ដូច្នេះកម្ពុជានឹងត្រូវការនាំចូលឧបករណ៍ទាំងនេះ ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាសក្នុងស្រុករាប់មុឺនកន្លែង។ នេះជាប្រសាសន៍របស់លោករាត់ សុិទ្ធអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន នៅទីស្នាក់ការសមាគមគាំពារបរិស្ថានកម្ពុជា EPIAC នាឱកាសទទួលជួបសំណេះសំណាល ជាមួយប្រតិភូសមាគមឧស្សាហកម្មគាំពារបរិស្ថានខេត្តក្វាងទុង ប្រទេសចិន ដែលបានមកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិកន្លងទៅ។

លោករាត់ សុិទ្ធ ក៏បានណែនាំអំពីស្ថានភាពនៃឧស្សាហកម្មគាំពារបរិស្ថាននៅកម្ពុជា ជាពិសេស បញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ ដែលបញ្ហាប្រឈមទាំងនេះក៏ជាឱកាសវិនិយោគសម្រាប់គណៈប្រតិភូឧស្សាហកម្មគាំពារបរិស្ថានក្វាងទុងនៅកម្ពុជាផងដែរ។

លោកបន្តថាឱកាសវិនិយោគទាំងនេះ រួមមាន៖ ការដោះស្រាយសំណល់រឹង ការបន្សុទ្ធខ្យល់ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងការបំពុលទឹក ។ល។
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់សមាគមគាំពារបរិស្ថានកម្ពុជាEPIAC គណៈប្រតិភូរបស់សមាគមឧស្សាហកម្មគាំពារបរិស្ថានខេត្តក្វាងទុងនៃប្រទេសចិន ដែលមានសមាជិក៣៦រូប មកពីអង្គភាពជំនាញចំនួន២៧ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ក្នុងគោលបំណងស្វែងរកឱកាសធុរៈកិច្ចនៅកម្ពុជា។

នាឱកាសនោះដែរ លោក Guo Yanping ប្រធានប្រតិបត្តិនៃសមាគមគាំពារបរិស្ថានកម្ពុជា បានណែនាំអំពីស្ថានភាពនៃរបស់សមាគមលោកលើការងារអភិវឌ្ឍន៍ឧស្សាហកម្មគាំពារបរិស្ថាន និងតម្រូវការទីផ្សាររបស់កម្ពុជា ដល់គណៈប្រតិភូយ៉ាងលម្អិត។

លោកបានសង្កត់ធ្ងន់ថា ផែនការការងារគាំពារបរិស្ថានថ្មីៗរបស់សមាគមលោកគឺផ្តោតលើ «សួនឧស្សាហកម្មគាំពារបរិស្ថាន» ដែលកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មនិងទូលំទូលាយ។ ទន្ទឹមនឹងនេះលោកក៏សង្ឃឹមយ៉ាងមុតមាំថា សមាគមឧស្សាហកម្មគាំពារបរិស្ថានក្វាងទុង និងក្រុមហ៊ុនជាសមាជិក ព្រមទាំងអ្នកជំនាញទាំងអស់អាចចូលរួមក្នុងការងារ និងគម្រោងនេះលើវិស័យបច្ចេកវិទ្យា ឧបករណ៍ វគ្គបណ្តុះបណ្តាលជំនាញការពារបរិស្ថាន និងកិច្ចសហប្រតិបត្តិការឧទ្យានឧស្សាហកម្មគាំពារបរិស្ថាននៅកម្ពុជា។ លោកសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចនេះ ភាគីទាំងពីរនឹងឈានទៅដល់កិច្ចសហប្រតិបត្តិការ លើគម្រោងសាងសង់រួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មគាំពារបរិស្ថានទ្វេភាគីនៅកម្ពុជា និងខេត្តក្វាងទុងប្រទេសចិនផងដែរ៕