(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទីពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈចំនួន៨១នាក់ ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង-ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ សរុបចំនួន៨១នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានរំឭកអំពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលរហូតដល់ទទួលបាន នូវសុខសន្តិភាពពេញលេញ។

លោកបន្តថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ មួយវិញទៀត លោកឧត្តមសេនីយ៍ត្រី ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់ បងប្អូនជាយោធិនចូលនិវត្តន៍ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្ឣប្រសើរ ព្រោះសុខភាពគឺជាកត្តាសំខាន់។

ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកឣំណោយរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ចែកជូនដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ចំនួន៨១នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន១កេសតូច, ត្រីខ២យួរ, ភេសជ្ជៈ២កេស, អង្ករ២៥គីឡូក្រាម, សារ៉ុង១ រួមនឹងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕