(សៀមរាប)៖ កម្មវិធីផ្តល់អាហាតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា មានអ្នកទទួលផល ៣៧ ,៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។

កម្មវិធីផ្តល់អាហារតាមសាលារៀន នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០,០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។

កម្មវិធីនេះបានវិវឌ្ឍជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។

ជាមួយនឹងការទទួលបានអាហារពេលព្រឹក, សិស្សានុសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាល្វា បានស្តែងការសប្បាយរីករាយ និងពោលពាក្យថា ពួកខ្ញុំសប្បាយចិត្តដែលទទួលបានអាហារពេលព្រឹក នៅក្នុងសាលារៀល ដែលធ្វើឱ្យក្រុមគ្រួសារខ្លួនកាត់បន្ថយការចំណាយ ជាពិសេសធ្វើឱ្យសិស្សានុសិស្សទាំងញ៉ាំឆ្អែត មិនវិលមុខពេលកំពុងរៀនដោយសារតែឃ្លានអាហារជាដើម។

នៅឆ្នាំសិក្សា២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួងលេខ ០៩០ (ស្ទួន) សហវ.ប្រក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នដឹកនាំអនុវត្ត។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

ក្នុងគោលបំណងធ្វើស្ថាប័នូបនីយកម្ម និងកែប្រែកម្មវិធីផ្តល់អាហារតាមសាលារៀន ឱ្យក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមនេះ, រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៦៥ អនក្រ.បក ស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

សាលាបឋមសិក្សាល្វា បានបង្កើតនៅឆ្នាំ១៩៧៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបនិងមានចក្ខុវិស័យ សិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលាជាទីមេត្រី ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនា និងបានចាប់ផ្ដើមអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលបានទទួលយក កាលពីឆ្នាំសិក្សា២០២១-២០២២។ បច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី ១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។

បន្ថែមពីនេះដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣, សាលាបឋមសិក្សាល្វា បានចាប់ផ្ដើមសាងសង់ផ្ទះបាយ រយៈពេល២ខែ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទំហំ ៤.៥ម៉ែត្រ គុណ៧ម៉ែត្រដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន ២០លានរៀល។

និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ, សាលាបឋមសិក្សាល្វា បានទទួលបដិភាគពីអង្គការ Cambo ចំនួន ៣០០០ដុល្លារអាមេរិក ក្នុងការសាងសង់រោងបាយសម្រាប់សិស្សហូប ដោយភ្ជាប់ជាមួយផ្ទះបាយសម្រាប់ចម្អិន ព្រមទាំងបដិភាគពីសហគមន៍ ក្នុងការចាក់ដី នៅបរិវេណសាលារៀនផងដែរ៕