(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ ចុះពិនិត្យ និងសម្អាតប្រឡាយ ដែលជាព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីឲ្យមានបរិស្ថានល្អ អនាម័យ និងមានសោភ័ណភាព ជាពិសេសចៀសវាងការរាំងស្ទះផ្លូវទឹក ដោយសារសម្រាម ដែលនាំឲ្យមានការជន់លិចក្នុងរដូវវស្សា។

សកម្មភាពសំអាតបរិស្ថាននេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានគោលបំណងចូលរួមចំណែក ធ្វើសកម្មភាពប្រមូលសម្អាតសំរាម ដើម្បីភាពស្អាត បរិស្ថានល្អ នៅក្នុងមូលដ្ឋាន ហើយក្នុងថ្ងៃនេះដែរ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាព ឲ្យកាន់តែប្រសើរបន្ថែមទៀត។

លោក ចេង មុនីរ៉ា បានឲ្យដឹងផងដែរថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅលើប្រឡាយនេះ បោះចោលសំរាមចូលប្រឡាយ បង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋហាមយកសំរាម មកបោះចោលក្នុងប្រឡាយតទៅទៀត។ លោកបានស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ពិសេសក្នុងប្រឡាយ ដែលនាំឲ្យប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពបងប្អូនពលរដ្ឋ នៅក្នុងភូមិឋានយើង។

លោកបន្តថា ប្រឡាយព្រែកប្រានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ៕