(ភ្នំពេញ)៖ លោក ផាន់ ផល្លារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅពេលដែលកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ អត្រាពលរដ្ឋក្រីក្រនៅកម្ពុជា នឹងធ្លាក់ចុះជាងពេលបច្ចុប្បន្ននេះ​ គឺដោយសារការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលយុវជនជំនាន់ក្រោយដែលទទួលបានការបណ្តុះបណ្តាលជំនាញ នឹងធ្វើឱ្យពួកគេទទួលបានចំណូលខ្ពស់ជាងមុន ដែលធ្វើឱ្យចំនួនប្រជាជនក្រីក្រ ស្ថិតក្នុងកម្រិតក្រ១ និងក្រ២ នឹងត្រូវបានកាត់បន្ថយ។

​បើតាមលោក ផាន់ ផល្លា ប្រទេសដែលអាចចាត់ចូលជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់បាន លុះត្រាតែចំណូលមធ្យមរបស់ប្រជាពលរដ្ឋទទួលបានជាង៤ពាន់ដុល្លារក្នុងមួយឆ្នាំ និងប្រទេសដែលមានចំណូលខ្ពស់ ​ គឺចំណូលមធ្យមជាង១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដែលតួលេខនេះ​គឺយោងតាមការកំណត់របស់ធនាគារពិភពលោក​។ តែយ៉ាងណាតួលេខនេះ គឺត្រូវបានគណនាផ្លាស់ប្តូរជារៀងរាល់ឆ្នាំផងដែរ។

យោងតាមឯកសារថវិកាសង្ខេបប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ.ស.ស ឬចំណូលមធ្យមរបស់មនុស្សម្នាក់ៗនៅឆ្នាំ២០២៤ ត្រូវរំពឹងថានឹងកើនដល់ ២ ០៧១ ដុល្លារ ពីចំនួនប៉ាន់ស្មាន ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន១ ៧៨៤ ដុល្លារ។

សូមជម្រាបថា កម្ពុជាបានចាកចេញពីប្រទេសដែលមានចំណូលទាបក្នុងឆ្នាំ២០១៥ មកជាប្រទេសដែលចំណូលមធ្យមកម្រិតទាប​ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣.១១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩.៦០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ បានកើនឡើងរហូតដល់ ៧ ដង គឺពីប្រមាណ ២៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

​ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០​​ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។​ ​​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្មីៗនេះថា ទោះបីជាកម្ពុជាបន្តទទួលរងនូវផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ។ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាម​​បរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវ​បាន​ឆ្លុះបញ្ចាំងជា​ចម្បងតាមរយៈ ​បញ្ចកោណយុទ្ធសាស្ត្រទាំង ៥ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្រ្តទាំងមូល។

យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជា​ប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង(ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវ​យុទ្ធសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ដាក់​ចេញ​នូវ​កម្មវិធី យន្ដការកែទម្រង់ និងវិធានការជាក់ស្ដែង ​ជា​បន្ដបន្ទាប់។ ​ រាជរដ្ឋាភិបាលបានដាក់​ចេញ​ជា​បន្ដបន្ទាប់​នូវ​ «កម្មវិធីគោលនយោបាយអាទិភាព ៦» ក្នុង​នោះ​កម្មវិធីចំនួន ៥ ត្រូវបានប្រកាស និងដាក់ឱ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖ (ទី១). «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» (ទី២). «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ» និង(ទី៣). «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​​ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយ​​នឹង​ «ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត» (ទី៤). «កម្ម​វិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតផលកសិកម្មរកទីផ្សារ និងរក្សា​លំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និង(ទី៥). «ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្ម​ភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មបែបថ្មី»​