(សៀមរាប)៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ខេត្តសៀមរាប បានណែនាំមន្ត្រីសុខាភិបាល គណៈកម្មការអេដស៍ក្រុងស្រុក ឃុំសង្កាត់ និងអង្គការ ដែលមានការពាក់ព័ន្ធត្រូវចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងកាមរោគដល់ប្រជាពលរដ្ឋនៅតាមសហគមន៍, ចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងកាមរោគដល់ក្រុមប្រឈមមុខខ្ពស់មេរោគអេដស៍ (ដៃគូ), ត្រូវគាំទ្រដល់ការ បញ្ជូនអ្នកសង្ស័យទៅធ្វើតេស្តឈាមរកមេរោគអេដស៍, គាំទ្រការបញ្ជូនអ្នកជំងឺអេដស៍ទៅទទួលសេវាថែទាំ ព្យាបាលនៅតាមមន្ទីរពេទ្យ, គាំទ្រការបញ្ជូនស្ត្រីផ្ទៃពោះផ្ទុកមេរោគអេដស៍ទៅទទួលសេវាថែទាំមុនសំរាល និងសេវាART, ត្រូវសម្របសម្រួលផ្តល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍ និងជនរងគ្រោះ ហើយឧបត្ថម្ភសម្ភារះ អាហារដល់ក្រុមគ្រួសារអ្នកជំងឺអេដស៍ និងគ្រួសាររងគ្រោះ។

លោក ពិន ប្រាកដ ណែនាំយ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ស្តីពីការឆ្លើយតបជាពហុវិស័យពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោក.លោកស្រី ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង តំណាងអង្គការ-សមាគម និងអ្នកពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

យោងតាមរបាយការណ៍នៅក្នុងបទបង្ហាញរបស់លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានឱ្យដឹងថា ស្ថិតិអ្នកផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍មានចំនួន ៧៦.០០០នាក់ ដោយក្នុងនោះមនុស្សពេញវ័យ ចំនួន៧៤.០០០នាក់ ស្រ្តីចំនួន៣៦.០០០នាក់ និងកុមារចំនួន២.០០០នាក់។ ចំពោះការឆ្លងថ្មីមេរោគអេដស៍ចំនួន១.៤០០នាក់ (មនុស្សពេញវ័យ១.៣០០នាក់ និងកុមារ១០០នាក់) ហើយចំណែកស្ថិតិអ្នកផ្ទុកមេរោគអេដស៍ក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០២២មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៥.៩៨៥នាក់ មនុស្សពេញវ័យចំនួន៥.៨៣៣ ស្រ្តីចំនួន២.៣៤៣ និងកុមារចំនួន១.៥២នាក់។

លោក ពិន ប្រាកដ បានបន្តថា ការបើកកិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហការល្អក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប និងពង្រឹងសកម្មភាព បទអន្តរាគមន៍ និងការចូលរួមជាពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធិភាពពិនិត្យលើសកម្មភាព បទអន្តរាគមន៍បន្ថែម ដើម្បីអនុវត្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តសៀមរាប និងឈានសម្រេចគោលដៅ៩៥ .៩៥. ៩៥ .ពិនិត្យ និងសម្របសម្រួលអំពីបច្ចុប្បន្នភាពការរៀបចំគណៈកម្មការអេដស៍ នៅតាមស្រុក.ក្រុង ឃុំ.សង្កាត់ និងផែនការសម្មភាពអេដស៍ សម្របសម្រួលដោះស្រាយឧបសគ្គ/បញ្ហាផ្សេងៗ អំពីសកម្មភាពបទអន្តរាគមន៍ការឆ្លើយតបមេរោគអេដស៍ក្នុងខេត្តសៀមរាប។  

លោក ពិន ប្រាកដ ក៏បានស្នើរដល់មន្ទីរសុខាភិបាលខេត្ត អង្គការដៃគូទាំងអស់ជាពិសេស ម្ចាស់ និងមេការសេវាកំសាន្ដក្នុងខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមដោះស្រាយឧបសគ្គ និងបញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមគោលដៅប្រឈមមុខខ្ពស់ផងដែរ៕