(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើពិភពលោកសម័យបច្ចេកវិជ្ជាដ៏ទំនើបនេះ បើពោលអំពី CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា ដែលមានលក្ខណៈស្តង់ដាអន្ដរជាតិ មិនខុសពីបណ្ដាញសង្គមអន្ដរជាតិល្បីៗ លើពិភពលោក មានដូចជា Telegram, WhatsApp, Viber, WeChat, Kakao Talk ជាដើម បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលើ​ App Store និង Play Store ក៏បានធ្វើឲ្យបណ្តាញសារព័ត៌មាន CNN ដ៏ធំមួយរបស់អាមេរិក ព្រមទាំងបណ្តាញសារព័ត៌មាន Digital ធំៗ នៃបណ្តាប្រទេសដទៃទៀត បានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតអំពីស្នាដៃដ៏ប្រពៃថ្លៃថ្លារបស់កូនខ្មែរ។

នេះគឺពិតជាធ្វើឲ្យពិភពលោកមើលឃើញកម្ពុជាយ៉ាងច្បាស់ថា កាលពីមុននេះបន្ដិច កម្ពុជាត្រូវបានប្រព័ន្ធសារព័ត៌មានធំៗលើពិភពលោក ផ្សព្វផ្សាយតែកូនខ្មែរឱបអាវុធយ៉ាងណែន កាន់កាំភ្លើងអូសដីដើម្បីតែប្រយុទ្ធគ្នាយ៉ាងសន្ធោរសន្ធៅ។ តែបច្ចុប្ប្នន្នកម្ពុជាក្រោមម្លប់សន្តិភាពបានប្រែមុខមាត់ថ្មី ត្រូវបានប្រព័ន្ធសារព័ត៌មានធំៗល្បីៗលើពិភពលោក ផ្សព្វផ្សាយអំពីស្នាដៃដ៏លេចធ្លោរបស់កូនខ្មែរ ដែលមានសមត្ថភាពបង្កើតបច្ចេកវិជ្ជា ដ៏អស្ចារ្យដូចជាតិសាសន៍ដទៃទៀត នៅលើពិភពលោក ដើម្បីបម្រើដល់ប្រជាជាតិខ្លួន ក៏ដូចជាមនុស្សជាតិលើពិភពលោក។

បើពោលឲ្យចំ CoolApp នេះបានឆ្លុះបញ្ចាំងអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដរបស់កុលបុត្រខ្មែរ ដែលជាប្រទេសទើបតែបានងើបផុតពីភ្នក់ភ្លើងសង្រ្គាម ធ្លាប់តែទទួលរងនូវសោកនាដ្ឋកម្មកាលពីអតីតកាល ហើយបាននាំយក CoolApp ទៅដាក់នៅលើលំហពពកស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺការជំរុញនិងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការកំណត់យកមុំទី៥ គឺមុំបច្ចេកវិជ្ជាឌីជីថលដើម្បីធ្វើសមាហរណ៍កម្មប្រជាពលរដ្ឋទៅក្នុងយុគ្គសម័យបច្ចេកវិជ្ជារបស់ពិភពលោក។

លោក រ័ត្ន សណ្តាប់ បន្ដ​ថា ហេតុនេះ CoolApp ជាកម្មវិធីបើកចំហសម្រាប់មនុស្សលើពិភពលោកចម្រុះពណ៌សម្បុរ ទស្សនៈ គំនិត ព័ត៌មាន និងមានបេសកកម្ម ផ្តល់ជាសំណុំសម្រាប់អ្នកប្រើប្រាស់ដើម្បីភ្ជាប់ជាមួយអ្នកដទៃ ផ្តល់ឲ្យមនុស្សគ្រប់គ្នានូវថាមពលដើម្បីបង្កើតគណនីផ្ទាល់ខ្លួននិងចែករំលែកគំនិតនិងព័ត៌មានភ្លាមៗ ដោយគ្មានឧបសគ្គ។ ព្រោះគុណតម្លៃនៃលទ្ធផលនៃការបង្កើតបាន CoolApp ជាស្នាដៃកូនខ្មែរ ជាកិត្តិនាមកូនខ្មែរ ដែលលើកកម្ពស់សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និងសិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

មួយវិញទៀត យើងក៏អាចចោទជាសំនួរសួរថា CoolApp ជាអ្វី ?

CoolApp គឺជាកម្មវិធីផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd. ដោយប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ Encryption ដូច WhatsApp, Telegram និងកម្មវិធីអន្ដរជាតិល្បីៗផ្សេងៗទៀត ដែលមិនអាចឲ្យមានជនណាម្នាក់ក្រៅពីម្ចាស់គណនីចូលមើលបានឡើយ។ ហេតុនេះការប្រើប្រាស់កម្មវិធី CoolApp ធ្វើឲ្យយើងមានអារម្មណ៍​ថា​ ខ្លួន​ឯង​មាន​សុវត្តិភាព សេរីភាព និង​ភាពរីករាយក្នុងការប្រើប្រាស់កម្មវិធីមួយនេះ។

ឆក់ក្នុងឱកាសដ៏មានមោទនភាពយ៉ាងប្រពៃថ្លៃថ្លានេះ ក៏លេចចេញផងដែរនូវទង្វើរបស់បុគ្គលប្រឆាំងពីរបីនាក់ បែរជាលើកទ្បើងយ៉ាងក្ដែងៗថា CoolApp បង្កើតទ្បើងដើម្បីតាមដានស្ដាប់ និងធ្វើទុក្ខបុកម្នេញដល់អ្នកប្រើប្រាស់ ឬយ៉ាងនេះឬយ៉ាងនោះទៅវិញ?

ត្រង់ចំណុចនេះ លោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើច និងទាត់ចោលរាល់ទង្វើ និងមតិរបស់បុគ្គលប្រឆាំងពីរបីនាក់នោះ គឺថាមិនយល់អំពីការប្រកួតប្រជែងលើសមរភូមិបច្ចេកវិជ្ជាឌីជីថលរបស់ពិភពលោកទាល់តែសោះ ពីព្រោះសព្វថ្ងៃពិភពលោកគឺជាទីផ្សារសេរីរបស់បច្ចេកវិជ្ជាឌីជីថល។ ដូចនេះប្រព័ន្ធឌីជីថលរបស់ប្រទេសនីមួយៗ គេត្រូវការប្រកួតប្រជែងដើម្បីបានប្រាក់ចំណេញ ដើម្បីរីកចំរើននិងដើម្បីឧត្ដមភាពរបស់ក្រុមហ៊ុន និងប្រទេសរបស់គេរៀងៗខ្កួន។ ត្រង់នេះយើងអាចចោទជាសំនួរទៅវិញថា តើមតិប្រឆាំងរបស់បុគ្គលពីរបីនាក់នោះ អាចមានសមត្ថភាពបង្កើត App ថ្មីមួយ ដែលជាស្នាដៃរបស់ខ្លួនបានទេ? ដើម្បីសុវត្ថិភាពដល់បក្ខពួកខ្លួននោះ??

បើគ្មានសមត្ថភាពបង្កើតបានទេ រាល់ទង្វើលើកទ្បើងរបស់ពួកគេទាំងនោះ គឺគ្រាន់តែជាវោហាសាស្ត្រនយោបាយ ដោយបន្ដុះបង្អាប់ដល់អ្នកដទៃ ដើម្បីលើកតម្កើងខ្លួនឲ្យអស្ខារ្យ ធ្វើឲ្យមានការភាន់ច្រឡំ និងច្របូកច្របល់ដល់សង្គមតែប៉ុណ្ណោះ។ ព្រោះការប្រើប្រាស់កម្មវិធី CoolApp គឺជាទំនាក់ទំនងរវាងមិត្តភ័ក្តិ និងក្រុមគ្រួសារ វិធីសាមញ្ញៗក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍មួយ និងជាមធ្យោបាយដ៏ប្រពៃ ហើយមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុន ក្នុងការរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។

ហេតុនេះការមកដល់កម្មវិធី CoolApp បានជំរុញឲ្យមានការរីកលូតលាស់ នៃបច្ចេកវិជ្ជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយរបស់កូនខ្មែរសម័យទនើប ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដូចជាវិនិយោគិន អតិថិជន និងអ្នកផ្គត់ផ្គង់ជាដើម។ ដូច្នេះក្នុងការទទួលយកបច្ចេកវិជ្ជាឌីជីថលកម្មវិធិ CoolApp ដែលបានបង្ហាញខ្លួនក្នុងសមរភូមិប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូង​បង្អស់របស់​ខ្លួន​បានក្លាយជាម៉ាស៊ីនឌីជីថលសម្រាប់ការសន្ទនាជាសកល៕