(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវប្រជា​ពលរដ្ឋ​កុំឱ្យ​ភ្នាល់លុយក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបប្រយ័ត្នសៀង។

ទន្ទឹមការអំពាវនាវពលរដ្ឋកុំឱ្យភ្នាល់លុយក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អឺរ៉ុបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ពាក់ព័ន្ធការទស្សទាយរបស់សម្តេច​កាល​ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការទស្សទាយរបស់សម្តេចថាអាល្លឺម៉ង់​នឹង​ឈ្នះនាពេលនោះ គឺសំដៅលើការប្រកួតជម្រុះវគ្គ១៦ក្រុមប៉ុណ្ណោះ មិនសំដៅទៅលើការលើកពាននោះឡើយ។

សម្តេចតេជោបន្ថែមថា ពេលនេះវគ្គ១៦ក្រុម ចំនួន៨ប្រកួត បានឆ្លងផុតហើយ​ សម្តេចមិនអះអាងថាអាល្លឺម៉ង់នឹងឈ្នះទៀតនោះឡើយ។ ដូច្នេះកុំបន្ទោសសម្តេចប្រសិនបើអ្នកគាំទ្រអាលីម៉ង់ភ្នាល់ចាញ់។

សម្តេចតេជោ ក៏បានបញ្ជាក់ពីការទស្សទាយរបស់សម្តេចក្នុងពេលប្រកួតជម្រុះនាពេលកន្លងទៅនេះផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ៨ប្រកួតកន្លងទៅនេះ សម្តេចឈ្នះ ៦ប្រកួតនិងចាញ់​២ប្រកួត។

បើតាមសម្តេចតេជោ ការទស្សទាយរបស់សម្តេចបានធ្វើជាមួយ លោក មួង សារ៉ន ដែលសម្តេចចាត់ទុកជាសត្រូវរបស់សម្តេចដែលតែងប្រកួតជាមួយ ជាពិសេស​ការវាយកូនគោល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់តំបន់អឺរ៉ុប ដែលតែងធ្វើឡើងរយៈ៤ឆ្នាំម្តងនោះ បានឈានដល់វគ្គ៨ក្រុមហើយ។ វគ្គ១ភាគ៤នេះ ក្រុមម្ចាស់ផ្ទះអាល្លឺងម៉ង់ ជួបក្រុមអេស្ប៉ាញ, បារាំង ជួបព័រទុយហ្គាល់, ហូឡង់ ជួបតួកគី ខណៈអង់គ្លេស ជួបស្វីស។

ការប្រកួតជម្រុះវគ្គ ១ភាគ៤ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ហើយការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងថ្ងៃទី១៥ ខែកក្កដា៕