(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា បានចេញវីដេអូជាបន្តបន្ទាប់ ប្រកាសគាំទ្រសាលក្រមតុលាការ ដែលបានដាក់ទោសទៅដល់ជនក្បត់ជាតិ ជាពិសេសយុវជនខុសច្បាប់ដែលបានលាបពណ៍ទៅលើរាជរដ្ឋាភិបាល ដែលទទួលបានគំនិត និងមនោគមវិជ្ជាខ្មៅកខ្វក់ពីបរទេស។

តាមរយៈវីដេអូនេះ ក្រុមយុវជនសង្គមស៊ីវិល បានបញ្ជាក់ថា «ក្នុងនាមយើងខ្ញុំជាយុវជនសង្គមស៊ីវិល សូមធ្វើការគាំទ្រនូវចំណាត់ការសាលក្រមតុលាការ ដែលបានដាក់ទោសទៅដល់ជនក្បត់ជាតិទាំងឡាយ ជាពិសេសយុវជនខុសច្បាប់ដែលបានលាបពណ៌ និងញុះញង់ទៅកាន់រាជរដ្ឋាភិបាល ជាពិសេសពួកគាត់តែងតែផ្តល់នូវគំនិត និងមនោគមន៍វិជ្ជាខ្មៅកខ្វក់ដែលទទួលបានពីបរទេស យកមកអនុវត្តនៅកម្ពុជា»

ក្រុមយុវជនសង្គមស៊ីវិល បានឱ្យដឹងទៀតថា នៅកម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនឱ្យមានជនណាមកលាបពណ៌ និងបំផ្លាញសន្តិភាពនោះទេ ក្នុងនាមជាយុវជនសង្គមស៊ីវិល សូមផ្តាំផ្ញើទៅគ្រប់បក្សប្រឆាំងទាំងឡាយណា ដែលបង្កើតដោយមនោគមន៍វិទ្យាខ្មៅកខ្វក់ និងធ្វើឱ្យយុវជនពិតប្រាកដត្រូវរងគ្រោះដោយសារខ្លួនសូមបញ្ឈប់ទៅ។

សូមជម្រាបដែរថា កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ មានក្រុមយុវជនសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រកាសថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្ត្របង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្សជាឈ្នាន់នយោបាយ តាមការញុះញង់របស់ជនបរទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចល ទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​បរិស្ថាន​ប្រមាណ ៥០​នាក់ ​ស្លៀកពាក់ស មាន​ឆ្នួតក្បាល​ពណ៌ស ដៃកាន់ធូប និង​ផ្កាឈូក​ បានដង្ហែ​ក្បួន​ជា​ពិធី​បុណ្យ​សព​ ចាប់​ពី​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​រៀប​ចំ​កម្រង​ផ្កា ចាក់ភ្លេង​ហែសព និង​មាន​បដា​ និង​ទង់សរសេរ​ថា «យុត្តិធម៌​ស្លាប់​ហើយ» ពេលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០នាក់។

សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេកប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្ដាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ ចលនាខុសច្បាប់ រិះរកវិធីសាស្ត ផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយ ខ្មៅកខ្វក់ ពិសេសវាយប្រហាលលើស្ថាប័នក្រសួងបរិស្ថាន ជាដើម»

ជាកត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា «កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ»! នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួម គំនិតក្បត់ជាតិ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសាវនាការចំនួន ៥ លើករួចមកហើយ។

សេចក្តីថ្លែងការណ៍បន្តថា «យើងបានដឹងហើយថា កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទ រួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ។ ស្របតាមអង្គហេតុខាងលើក្នុងនាមជា ក្រុមយុវជនសង្គមស៊ីវិល យើងខ្ញុំសូមប្រកាសគាំទ្រនូវសាលក្រមរបស់ តុលាទាំងស្រុង ពីព្រោះច្បាប់ជាច្បាប់! ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ មិនចេះរាងចាល បំពានច្បាប់នាំគ្នារិះរកវិធីសាស្ត្រយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួន ងប់ងុលលង់លក់នឹងមនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស»

បើតាមសេចក្តីថ្លែងការណ៍ ក្នុងនាមជាយុវជនដូចគ្នា ពិតជាសង្វេកដល់ដួងប្រលឹង បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្តែក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ បែរជាបណ្តោយខ្លួនឱ្យចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ ជាចុងក្រោយក្នុងនាមយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើត ភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ពួកគេប្ដេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាព ជាក់ស្ដែងត្រឡប់ទៅវិញ៕