(ភ្នំពេញ)៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការទូតអាហារជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការទូតសេដ្ឋកិច្ចការងារអាទិភាព។

ការលើកឡើងរបស់លោកស្រី អ៊ាត សោភា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកស្រី តំណាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» សម្រាប់មន្ត្រីការទូត និងសហព័ទ្ធមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន២០រូប ដែលមានការរៀបចំឡើងដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកស្រី អ៊ាត សោភា បានសម្ដែងនូវការអបអរសាទរចំពោះ សិក្ខាកាមទាំង២០រូប ដែលបានចូលរួមបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅថ្ងៃនេះ។ លោកស្រី អ៊ាត សោភា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ការទូតអាហារជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការទូតសេដ្ឋកិច្ចការការងារអាទិភាព»

បន្ថែមពីនេះដែរ លោកស្រី អ៊ាត សោភា បានណែនាំដល់សិក្ខាកាម ប្រើប្រាស់ការទូតអាហារជាមធ្យោបាយជួយជំរុញ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា នៅលើឆាកអន្តរជាតិ និងផលប្រយោជន៍ដែលយើងនឹងទទួលបានមកវិញ គឺការនាំចេញផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ និងទេសចរ ដែលនេះជាផ្នែកមួយដ៏សំខាន់ នៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល៕