(ភ្នំពេញ)៖ បុរសម្នាក់បានមានទំនាស់ជាមួយប្រពន្ធ ហើយក៏បានចាក់ពោះខ្លួនឯង១កាំបិត បណ្ដាលឲ្យរបួសធ្ងន់ និងត្រូវបានអ្នកជិតខាងនាំគ្នាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមផងដែរ។

ហេតុការណ៍នោះ បានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៦ល្ងាច នៅចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី១ ភូមិន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បុរសនោះឈ្មោះ មឿន ពេជ្រ អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់កើតហេតុខាងលើ រងរបួសពោះដោយកាំបិតនៅជាប់ពោះតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ពុំមាននរណាបានដឹងថាបុរសនេះឈ្លោះជាមួយប្រពន្ធរឿងអ្វីនោះទេ ហើយនៅវេលាកើតហេតុខាងលើ ខណៈអ្នកជិតខាងដើរចេញពីធ្វើការនៅរោងចក្រត្រឡប់មកដល់ក្នុងបរិវេណផ្ទះជួលវិញ ក៏បានឃើញមនុស្សចំនួនមួយក្រុមកំពុងបីបុរសរូបនោះចេញពីក្នុងបន្ទប់ខាងលើ ដោយឃើញមានកាំបិតជាប់ពោះផងដែរ។

លុះពេលសួរនាំថាមានរឿងអ្វីកើតឡើង បុរសនោះបាននិយាយថា «ខ្ញុំចាក់ខ្លួនឯងព្រោះខឹងប្រពន្ធ បន្ទាប់មកគេក៏បានបញ្ជូនបុរសនោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង»