(ក្រចេះ)៖ រដ្ឋបាលស្រុកសំបូរ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) បានបង្ហោះសារព័ត៌មានថា ក្រុមហ៊ុន កាម៉ាដេនូ និងបន្តចុះដុតផ្ទះ និងគម្រាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី។

រដ្ឋបាលស្រុកសំបូរ បានអះអាងថា ករណីអគ្គីភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ផ្ទះនោះជាខ្ទមចាំស្រែទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងស្លឹកជារបស់ឈ្មោះ នុន មនោរម្យ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ បាង ហៀង អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋ នៅភូមិ កំពង់ព្នៅ ឃុំកោះខ្មែរ ស្រុកសំបូរ គឺមូលហេតុដោយសារប្រពន្ធយកប្តីមកពេទ្យ ហើយកូននៅដាំបាយមិនប្រយ័ត្នបណ្តាលឲ្យរាលឆេះផ្ទះ និងពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

ករណីនេះជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ព័ន្ធបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនៅមូលដ្ឋានដូចការលើកឡើងរបស់ វិទ្យុអាស៊ីសេរី (RFA) ឡើយ។ ដូចនេះការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់អុចអាល ដើម្បីឲ្យសាធារណៈជន និងប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើអាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុក ដាក់សម្របសម្រួល និងដោះស្រាយបញ្ហាវិវាទនៅមូលដ្ឋាន ប្រកបដោយសន្តិវិធី៕