(ក្រចេ)៖ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយនឹងអាជ្ញាធរក្រុងក្រចេះ និងសង្កាត់អូឬស្សី បានចុះត្រួតពិនិត្យដេប៉ូលក់ភេសជ្ជៈធំៗ ចំនួន២ទីតាំងនៅក្នុងក្រុងក្រចេះ រកឃើញជាង២ពាន់កេះ ដែលហួសការបរិច្ឆេទ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចជំនាញរកឃើញស្រាបៀ និងភេសជ្ជៈផុតកំណត់ចំនួនជាង២ពាន់កេះ ក្នុងនោះស្រាបៀចំនួន ២,២១៨កេះ ទឹកក្រូចប៉េបស៊ី ចំនួន៣៩០កេះ និងភេសជ្ជៈគ្រីនធី (តែបៃតង) ចំនួន២៥កេះ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចរួម និងអាជ្ញាធរគ្រាន់តែអប់រំណែនាំ ដល់ម្ចាស់ដេប៉ូ ឬឃ្លាំងស្តុកលក់ភេសជ្ជៈ និងស្រាបៀរទាំងនោះ ឲ្យយកផលិតផលដែលផុត កំណត់ការបរិច្ឆេទនោះទេ កំទេចចោលដោយខ្លួនឯង តែប្រសិនណាបើនៅតែបន្តលក់ផលិតផលហួសកាលបរិច្ឆេទទៀត ករណីសមត្ថកិច្ចរកឃើញលើកក្រោយ គឺត្រូវតែអនុវត្តច្បាប់។

ដេប៉ូលក់ទំនិញទាំងពីរទីតាំង ដែលសមត្ថកិច្ច បានចុះត្រួតពិនិត្យទី១ ស្ថិតនៅភូមិកន្រ្ទីង ដែលមានម្ចាស់ឈ្មោះ សុង ម៉ៅ គឺឃើញមានស្រាបៀដែលផុតកំណត់ទាំងកំប៉ុង និងដបចំនួន ២,២១៨កេះ និងទឹកក្រូចប៉េបស៊ីចំនួន៣៩០កេះ ដែលហួសកាលបរិច្ឆេទ (ដឺឡេ)។

ជាមួយគ្នានោះ ស្រាបៀរក្រុមហ៊ុន បានដាក់ស្លាកសញ្ញាសម្គាល់តំបន់ក្រហម មិនឲ្យប្រើប្រាស់ ដោយរង់ចាំក្រុមហ៊ុនធំមកធ្វើការទូទាត់ប័ណ្ណចំណូលចំណាយ ដោយឡែកទឹកក្រូចប៉េបស៊ី សមត្ថកិច្ចជំនាញឲ្យក្រុមហ៊ុន កំទេចចោលដោយខ្លួនឯង។

ចំណែកឃ្លាំងទី២ ស្ថិតនៅភូមិស្រែស្ដៅ ដែលមានម្ចាស់ដេប៉ូឈ្មោះ មុំ ប្រជាប្រិយ ក្នុងនោះសមត្ថកិច្ចបានរកឃើញភេសជ្ជៈគ្រីនធី (តែបៃតង) ដែលហួសកាលបរិច្ឆេទ (ដឺឡេ) ចំនួន២៥កេះ។ សមត្ថកិច្ចជំនាញ ក៏ឲ្យក្រុមហ៊ុនកំទេចចោលដោយខ្លួនឯង៕