(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានជួយបណ្ដុះបណ្ដាលយុវជនជាសិស្សនិស្សិត នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អំពីការជួយសង្គ្រោះបឋម ក៏ដូចជាបានចែករំលែកបទពិសោធន៍មួយចំនួន ពាក់ព័ន្ធឮការងារមនុស្សធម៌។

នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល «ក្លឹបយុវជនកាក​បាទក្រហមកម្ពុជា» នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានលើកឡើងថា ស្របតាមបាវចនា និងគោលដៅទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះមាន «មនុស្ស» ត្រូវបានកំណត់ជាអាទិភាពទី១ ជាមួយគោលនយោបាយ ការពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពសាធារណៈ ដើម្បីប្រជាជនគ្រប់រូបមានសុខភាព និងសុខមាលភាពល្អ សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកបន្តថា ទន្ទឹមនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលស្ថិតក្រោមឱវាទក្រសួងធម្មការ និងសាសនា បានកំណត់នូវចក្ខុវិស័យ និងបេសកកម្មតាមគុណតម្លៃ មេត្តា សតិ បញ្ញា ដោយផ្ដោតសំខាន់លើការ កសាងមូលធនមនុស្សដ៏រឹងមាំ ប្រកបដោយគុណវុឌ្ឍខ្ពស់ ហើយយ៉ាងណាមិញ ការបង្កើតក្លឹបយុវជនកាកបាទក្រហម និងការបណ្ដុះបណ្ដាលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោក ងួន ស្ដេចភក្តី បានបន្ថែមថា ចំពោះវគ្គបណ្ដុះបណ្ដាលនេះ គឺជាការចែករំលែកនូវចំណេះដឹង បទពិសោធន៍យ៉ាងល្អប្រពៃ ដើម្បីបណ្ដុះគំនិតស្មារតីយុវជនឲ្យកាន់តែបានយល់ច្បាស់ពី ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមអន្តរជាតិ ការគ្រប់គ្រងបណ្ដាញយុវជនកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម។

លោកបានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់រាជធានីខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់សម្រាប់អាយុជីវិតប្រជាជនកម្ពុជា និងអនាគតរបស់យុវជនខ្មែរគ្រប់រូប៕

http://image.freshnewsasia.com/2021/id-022/fn-2024-07-03-20-09-51-0.jpg