(ភ្នំពេញ)៖ វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញកាលពីខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែល Fresh News ទទួលបាន។

ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។

វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១ អ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបានបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា អាចផ្គុំជាមួយគ្នាឡើងវិញចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈនាអំឡុងចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀតនោះ គឺព្រះកេសព្រះលោកេសូរធ្វើពីសំរឹទ្ធ នៅអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើងវិញជាមួយនឹងដងខ្លួនដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបា នគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ឱ្យដឹងដែរថា ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខា ន់បំផុត ដែលមិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានត ម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។

លោកស្រី ថ្លែងថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលអ្នកកាន់កាប់ស មុច្ច័យឯកជននានា និងសារមន្ទីរមួយចំនួនបានទាក់ទងមកយើងក្នុងពេលថ្មីៗនេះ ហើយយើងរំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀត នឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគត។ ការបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់នេះ គឺសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើតក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ»។ 

លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ព្រមជាមួយនេះ ប្រជាជនកម្ពុជាសូមស្វាគមន៍ការវិលត្រឡប់មកវិញ នៃព្រលឹងដូនតាដែលជាមង្គលរបស់ជាតិ ក៏ដូចជាការប្រោះព្រំប្រសិទ្ធិពរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក លោក Damian Williams និងភាគីពាក់ព័ន្ធនានារបស់អាម៉េរិករួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងនៅក្រៅប្រទេស និងនៅកម្ពុជា ជាពិសេសថ្លែងអំណរគុណដល់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកស្រីរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាពិសេសក្រុមហ៊ុននានា រួមទាំងលោកស្រីសាស្ត្រាចារ្យ Ashley Thompson នៃសកលវិទ្យាល័យ SOAS ដែលបានជួយក្នុងការចរចាទាមទារមកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរនាពេ លកន្លងមក។

លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ លទ្ធផលប្រកបដោយផ្លែផ្កានេះ ក៏បានបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាម៉េរិក៕