(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបជនជាតិនីហ្សេរីយាម្នាក់ ដកហូតបានគ្រឿងញៀនជាង៩គីឡូក្រាម នៅស្រុកស្វាយទាប។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសហការរវាងផែនជំនាញ និងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអះអាងថា ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ជនជាតិនីហ្សេរីយា ឈ្មោះ MADU DANIEL SOPURU អាយុ២៩ឆ្នាំ។ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទហេរ៉ូអុីន ទម្ងន់សុទ្ធ៦៩៥៤,៦៨ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ២៨៦៨,០៩ក្រាម, លិខិតឆ្លងដែន១ក្បាល, ទូរស័ព្ទដៃ២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន១។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕