(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ្សាក់ បឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្តែងក្តីរីករាយចំពោះ​កំណើន​ពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង ក៏ដូចជាការកំណើនវិនិយោគរបស់​បារាំង​នៅ​កម្ពុជា។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ហ្សាក់ បឺឡេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបារាំង បានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភា អំពីកិច្ចសហប្រតិបត្តិការរវាង​​ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើត​ព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំងវិញ ក៏ត្រូវបានពង្រឹងយ៉ាងជិតស្និទ្ធ​តាម​រយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាដំណើរ​ទស្សន​កិច្ច​របស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើរ​របស់ព្រះមហាក្សត្រ ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅខែមករា ឆ្នាំ២០២៤។

លោកឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថា លោកមានកិត្តិយសដែលនឹងទទួលស្វា​គម​ន៍​​លោកឧបនាយករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែល​ត្រូវ​ដឹកនាំគណៈប្រតិភូកីឡាទៅប្រកួតកីឡារដូវក្តៅនៅពេលខាងមុខនេះ។

ទន្ទឹមនឹងនេះបារាំង ពិតជាសប្បាយរីករាយ និងសូមគាំទ្រពេញទំហឹង ចំពោះបេក្ខភាព​ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលនឹងមាន​បណ្តា​ប្រទេសជាង ៩០ចូលរួម។ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទី២ ក្នុង​អាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម នៅឆ្នាំ១៩៩៧ ដែលពេលនោះ លោក ក៏បានចូលរួមជួយវៀតណាមក្នុងការរៀបចំផងដែរ។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់​ភាសា​បា​រាំង​​នៃថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ លោក ក៏បានជម្រាបសម្តេចប្រធាន ពីគោល​បំណងស្នើសុំពង្រីកវិទ្យាល័យបារាំង René Descartes នៅភ្នំពេញ ដោយសារចំនួន​សិស្ស​ដាក់ពាក្យសុំចូលរៀនកើនឡើងខ្ពស់ ដែលសាលាមិនអាចទទួលឱ្យ​ចូលរៀន​បាន​។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ពីកំណើននៃទំហំសេដ្ឋកិច្ច​កម្ពុជា-បា​រាំង ដែលក្នុងនោះ ការវិនិយោគរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើង​ជា​លំដាប់។ លើសពីនេះ នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជា​មួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យឯកជន ចំនួន២៥០រូប។ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា​បើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧រូប នៃរដ្ឋាភិបាល​កម្ពុជាដែលសុទ្ធតែចេះនិយាយភាសាបារាំង។

កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបឋមសិលាសាង​សង់​គម្រោង​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានក្រុមហ៊ុន​បារាំង Vinci Constructions ចូលរួម។ នេះគឺជា ជោគជ័យដ៏ធំនៃកិច្ចសហប្រតិ​បត្តិ​ការ​រវាងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)​។ ជំនួយដល់កម្ពុជាតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានកើ​ន​ឡើងពី​១០០​លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាល​វិជ្ជាជីវៈ​ថាម​ពល និងផលិត​កម្ម​ទឹកស្អាត។

លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ ពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជា​របស់លោក Gerard LARCHER ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបដំណឹងមរណភាពរបស់លោក Roland Dumas អតីតរដ្ឋមន្រ្តីការបរទេសបារាំង ក្នុងជន្មាយុ ១០១ឆ្នាំ ដែលធ្លាប់​ជា​សហប្រធានអង្គប្រជុំជាច្រើនក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជានៅឆ្នាំ១៩៩១។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេចតេជោ បាន​ចូល​រួមអបអរសាទរ ថ្ងៃបុណ្យជាតិរបស់បារាំង នាថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ និង​បាន​រម្លឹក​ពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជន​ខ្មែរ-បារាំងដែលពលីក្នុង​សង្គ្រាម​លោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ បានជូនពរប្រទេសបារាំង ទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀប​ចំ​ការ​ប្រកួត​កីឡាអូឡាំពិករដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ ក្នុងឆ្នាំ២០២៤នេះ និង អរគុណដែលអញ្ជើញកីឡាករកម្ពុជាទៅចូលរួមក្នុង​ព្រឹត្តិការ​អូ​ឡាំពិក​នេះ តាមវិញ្ញាសាដែលបារាំងរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានី​ភ្នំ​ពេញ និងតំបន់តាខ្មៅ លែងខ្វះខាតទឹកស្អាតប្រើប្រាស់។ សម្តេចតេជោ ក៏សូមស្វា​គម​ន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ។

សម្តេចតេជោ ក៏បានរំលឹកពីការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជា​តម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះ​ពី​សម័យ​មុន។ នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញអាទិភាពសំខាន់​ចំនួនពីរ គឺការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័សពិបាកប៉ាន់​ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាពការណ៍​ឱ្យបានត្រឹម​ត្រូវចៀស​វាង​ក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ រីឯអាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខ​អង្គបោះ​ឆ្នោត ដោយសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។ សម្តេចប្រធាន បានផ្តល់យោបល់ដល់​ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបង្រៀន​ភាសា​បារាំងនៅកម្ពុជា ពីព្រោះតម្រូវការរៀនភាសាបារាំងនេះ នឹងមិនថមថយនោះទេ។

សម្តេចតេជោ និងលោកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យ​កាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល យោធា តាមរយៈកងទ័ពមួកខៀវ ហេដ្ឋារ​ចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្នុងការរួមចំណែកថែរក្សា​សន្តិភាព និងសន្តិសុខសកល ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការ​ប្រយុទ្ធប្រឆាំងការប្រើប្រាស់ផ្លាស្ទិក ជំងឺអេដស៍...។ល។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមានចិត្តសោកសៅ និងតក់ស្លុតជាទីបំផុត ចំពោះ​មរណភាពរបស់លោក Roland Dumas។ សម្ដេចតេជោ បានចូលរួមរំលែកទុក្ខ​ដ៏ក្រៀម​ក្រំជាទីបំផុត។ សម្ដេចតេជោ បានចាត់ទុកលោក Roland Dumas ជាអ្នក​មាន​គុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុង​ការ​រៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សម្តេចតេជោបានរំលឹកអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើន ដែលលោក Roland Dumas បានធ្វើ ដើម្បីសន្តិភាពក្នុងប្រទេសកម្ពុជា៕