(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីឆ្លាតវៃ គឺចេះប្រែក្លាយស្ថានការណ៍លំបាកឲ្យមកជាអាចទទួលយក ជាពិសេសផ្ដោតសំខាន់ទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈ រហ័ស ងាយស្រួល មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ស្របតាមគោលការណ៍ស្តង់ដាបែបបទ និងនីតិវិធីជាធរមាន។

លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានវត្តមានជាសហអធិបតីផងដែរពីសំណាក់ នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។

លោកអភិបាលខេត្តបន្តថា «រដ្ឋបាលក្រុងសង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីនានានៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការ បំពេញមុខងារ និងកាតព្វកិច្ច របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។

លោកអភិបាលខេត្ត បានណែនាំដល់គណៈបញ្ចាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។

លោកសង្កត់ធ្ងន់ទៅលើសុខសុវត្ថិភាពរបស់ថ្នាក់ដឹកនាំប្រទេសជាតិដែលកំពុងស្នាក់នៅក្រុងតាខ្មៅ ដោយកងកម្លាំងទាំងអស់ត្រូវធានាបាននូវសុវត្ថិភាពដែលកិច្ចការជាកិច្ចការទី១ដែលត្រូវធ្វើឲ្យបានល្អបំផុត៕