(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក ប៉ែន វណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញចុះអន្តរាគមន៍ សម្របសម្រួលបែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវកសិករចំនួនជាង ១,២០០ហិកតា នៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ដែលកំពុងជួបគ្រោះរាំងស្ងួតហើយប្រឈមនឹងការខូចខាតដោយការខ្វះខាតទឹក។

ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំអាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធ ត្រូវសម្របសម្រួលតាមដានរាល់ស្ថានភាពស្រែស្រូវរបស់កសិករដែលកំពុងប្រឈមនឹង គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលវេលាវែង នាដើមវស្សាឆ្នាំនេះដែលភ្លៀងមិនទាន់គ្រប់គ្រាន់ ដើម្បីអន្តរាគមន៍នាំទឹកជួយសង្គ្រោះស្រែស្រូវពីអាងទឹក៣០កញ្ញាឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោក ប៉ែន វណ្ណរិទ្ធិ បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋសូមមានការយោគយល់អធ្យាស្រ័យគ្នា ដែលមានការបែងចែក និងបញ្ជូនតាមវេននៃប្រឡាយទឹកទៅសង្គ្រោះស្រែស្រូវ មានសភាពយឺតយ៉ាវ ឬមិនទាន់គ្រប់គ្រាន់ទៅតាមស្ថានភាពជា ពីព្រោះប្រឡាយមេរបស់យើងតូចហើយស្ថានភាពបរិមាណស្រែស្រូវដែលត្រូវសង្គ្រោះមានច្រើនហិចតា គឺត្រូវការពេលវេលាជាក់ស្ដែង។

ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងឃុំសំព្រោជបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុកស្ទោង និងលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ និងបានចុះសម្របសម្រួល អន្តរាគមន៍បែងចែកបញ្ជូនទឹកសង្គ្រោះស្រែស្រូវរបស់គាត់នៅក្នុងឱកាសនេះ។

គួរបញ្ជាក់ថា ដោយសាររដូវវស្សាឆ្នាំនេះមានសភាពយឺតយ៉ាវក្នុងការឈានមកដល់ធ្វើឲ្យទឹកភ្លៀងមិនអាចគ្រប់គ្រាន់ស្រោចស្រពស្រូវកសិករ ហើយស្រូវដែលត្រូវសង្គ្រោះបឋមនៅពេលនេះមានចំនួន១,២០០ ហិកតា៕