(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ផែនការងារព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លុបបំបាត់ក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យមុខសញ្ញាសេសសល់ក្មេងទំនើងដែលមិនទាន់បង្រ្កាបបានត្រូវបន្តស្វែងរកបង្រ្កាបឲ្យអស់ប្ញសគល់ និងដាក់ផែនការឲ្យលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌ ទាំង១៤ ត្រូវដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍សកម្មភាពក្មេងទំនើង និងគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាក់លាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ បន្តពង្រឹងត្រួតពិនិត្យស្រាវជ្រាវបង្រ្កាបកន្លែងទទួលផលចោរកម្ម ដើម្បីទប់ស្កាត់អំពើលួចប្លន់ ព្រមទាំងពង្រឹងគ្រប់គ្រងមុខសញ្ញាចេញពីពន្ធនាគារ និងក្តោបសភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានជាក់លាក់ដោយសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលព័ត៌មាន។

លោកឧត្តមសេនីយ៍ស្នងការ បានណែនាំពង្រឹងតាមដានត្រួតពិនិត្យអនុវត្តបង្រ្កាបបទល្មើសគ្រឿងញៀនជ្រកក្រោមតាមបណ្តាក្លិប ខារ៉ាអូខេ ខុនដូ និងនៅក្នុងបុរី ដោយប្រើប្រាស់វិធានការជំនាញ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែន លោក លោកស្រីនាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤៕