(ព្រះវិហារ)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលក្រួស ១ខ្សែ ស្ពានបេតុង ២កន្លែង និងការស្ថាបនាលូជាង ១០កន្លែង ស្ថិតនៅឃុំទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ពាន់ម៉ែត្រ, ទទឹង ៨ម៉ែត្រ, ស្ថាបនាស្ពានបេតុងចំនួន ២កន្លែង, ប្រវែងសរុប ៦០ម៉ែត្រ, ទទឹង ៨ម៉ែត្រ, (ប្រវែង ៤៨ម៉ែត្រ ចំនួន ១កន្លែង និងប្រវែង ១២ម៉ែត្រ ចំនួន ១កន្លែង) ស្ថាបនាលូមូលមុខពីរ ៤កន្លែង និងលូមូលមុខមួយចំនួន ១២កន្លែង ដែលអនុវត្តដោយបញ្ជាការវិស្វកម្ម កងទ័ពជើងគោក។

នាឱកាសនោះលោក ចាន់ ដារ៉ុង បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងមួយអាណត្តិៗ រាជរដ្ឋាភិបាលបានវិនិយោគលើការស្ថាបនា ផ្លូវ និងស្ពានដោយបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកផ្លូវ គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ។

នាឱកាសនោះដែរលោក ចាន់ ដារ៉ុង និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៦៥នាក់ ដោយក្នុងពិធីនោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ ស្ពាន និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងត្រូវចាត់ទុកសមិទ្ធផលទាំងនោះជារបស់ពួកគាត់។

ជុំវិញគម្រោងផ្លូវខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ដួង សុភឿន មេបញ្ជាការរងវិស្វកម្មកងទ័ពជើងគោក តំណាងលោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការវិស្វកម្ម កងទ័ពជើងគោក បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បញ្ជាការវិស្វកម្មកងទ័ពជើងគោក បានអនុវត្តការងារនេះ ក្នុងគោលដៅជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល ដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាដើម, ដោយបញ្ហាផ្លូវ ស្ពាន និងលូខាងលើនេះ បញ្ជាការវិស្វកម្ម បានខិតខំប្រឹងប្រែងអនុវត្តន៍សម្រេចបានតាមផែនការគ្រោងទុកផងដែរ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីសំណេះសំណាលរួចលោក ចាន់ ដារ៉ុង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ផងដែរ៕