(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាត់ឲ្យមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បញ្ចេញរថយន្ដដឹកទឹក ដើម្បីបាញ់លាងសម្អាតតាមបណ្ដាផ្លូវនានា ក្នុងភូមិសាស្ត្រខណ្ឌ ឲ្យបានស្អាតល្អប្រសើរ សម្រាប់ការធ្វើដំណើរចេញ-ចូលប្រកបដោយផាសុភាពរបស់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់សោភ័ណ្ឌភាពផងដែរ បន្ទាប់ពីប្រឡាក់ និងពោរពេញទៅដោយធូលីដី និងគ្មានអនាម័យបរិស្ថាន ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបណ្ដាលឲ្យទឹកហូរច្រោះនាប៉ុន្មានថ្ងៃជាប់ៗគ្នាក្នុងរដូវវស្សានេះ។

លើសពីនេះ លោក ថេង សុថុល ក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា៕