(ប៉េកាំង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Fu Hua ប្រធានទីភ្នាក់ងារសារព័ត៌មានស៊ិនហួ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ ដើម្បីពង្រឹងការចូលរួមរវាងអាស៊ាននិងចិន។ អគ្គលេខាធិការអាស៊ាន ក៏បានបង្ហាញក្តីសង្ឃឹមថា ភ្នាក់ងារសារព័ត៌មានស៊ិនហួ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយព័ត៌មានពាក់ព័ន្ធនឹងអាស៊ានដែលត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ទៅកាន់ពិភពលោកបានទាន់ពេលវេលា។

នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាបាយថ្ងៃត្រង់រៀបចំដោយលោក You Xiaowen អគ្គលេខាធិការមជ្ឈមណ្ឌលអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខឡាងឆាង-មេគង្គ និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខថ្នាក់អនុតំបន់ និងថ្នាក់តំបន់ ព្រមទាំងបញ្ហាមួយចំនួនទៀត។

នៅរសៀលដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ។ នៅក្នុងឱកាសនោះភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ព្រមទាំងបានរិះរកគំនិតថ្មីៗ ដើម្បីជួយបង្កើនការយល់ដឹងអំពីអាស៊ាន នៅក្នុងប្រទេសចិន។ បន្ថែមលើនេះអគ្គលេខាធិការទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈក្នុងការប្រើប្រាស់មជ្ឈមណ្ឌលអាស៊ាន-ចិន ឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ រវាងអាស៊ាន និងចិន ផងដែរ៕