(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជួបការខ្វះខាតរស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានទទួលអំណោយជាបន្លែ និងប្រេងឆាសម្រាប់បន្តទុកប្រើប្រាស់ និងបរិភោគ ដើម្បីដោះស្រាយ និងសម្រាលបន្ទុកគ្រួសារមួយគ្រា ពីលោក ធឹម សំអាន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ។

លោក ធឹម សំអាន ក្នុងឱកាសនោះ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ៗរូប និងទាំងចាស់ និងក្មេងឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ និងព្យាយាមរស់នៅស្អាតជានិច្ច តាមរយៈការមានអនាម័យជាប់ជាប្រចាំដើម្បីចៀសផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ។ ប្រសិនបើពេលណាមួយជួបការខ្វះខាតខ្លាំង ឬមានហានិភ័យកើតឡើងជាយថាហេតុ និងចាំបាច់ សូមជួយរាយការណ៍មកកាន់មេភូមិ-ចៅសង្កាត់ ដើម្បីបានមេភូមិ-ចៅសង្កាត់បន្តជូនដំណឹង ក៏ដូចជារាយការណ៍មកកាន់រដ្ឋបាលខណ្ឌ ក្នុងការរិះរកដំណោះស្រាយជូនតាមលទ្ធភាព ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់នឹងអត់អាហារនោះទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលជួបការខ្វះខាតទាំងចាស់ និងក្មេងក្នុងភូមិគ្រួស និងបន្ទាប់ពីទទួលបានបន្លែ និងប្រេងឆា សម្រាប់បន្តទុកបរិភោគ និងប្រើប្រាស់ បានថ្លែងអំណរគុណយ៉ាងក្រៃលែង និងសូមជូនពរផងដែរ ដល់លោកអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្រាប់សកម្មភាពដឹកនាំមន្ត្រី និងនាំយករថយន្ដដឹកបន្លែ និងប្រេងឆានៃទឹកចិត្តសប្បុរសធម៌ ពីសំណាក់លោក ធឹម សំអាន ក្នុងការចែកទានដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ជួបការខ្វះខាត ដើម្បីជួយសម្រួលជីវភាពរស់នៅតាមគ្រួសារនីមួយៗ គឺតែងតែបានធ្វើឡើងជាញឹកញាប់មកហើយដែរ រហូតទទួលបានការកោតសរសើរ គោរពស្រលាញ់ និងការគាំទ្រពីមាត់មួយទៅមាត់មួយ ដែលសម្ដែងឲ្យឃើញពីមនោសញ្ចេរតនា ការរាប់អាន អាណិតស្រលាញ់ រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខណ្ឌ-សង្កាត់-ភូមិ៕