(ភ្នំពេញ)៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់-ភូមិ ចុះត្រួតពិនិត្យពីស្ថានភាពជាក់ស្ដែង និងធ្វើការស្ដារសម្អាតភ្លាមៗ រាល់កាកសំណល់សំរាមទាំងឡាយ ដែលកកស្ទះតាមដងផ្លូវ តាមប្រព័ន្ធលូ និងផ្ទះសម្បែងមួយចំនួនទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពឲ្យល្អប្រសើរឡើងវិញ និងសម្រាប់ងាយស្រួលដល់ការធ្វើដំណើរចេញ-ចូលប្រកបរបររកស៊ីនានា និងការរស់នៅពោរពេញដោយផាសុខភាព និងសុវត្ថិភាពពីសំណាក់ប្រជាពលរដ្ឋ។

សកម្មភាពរបស់អាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ក្នុងការខ្នះខ្នែងជួយសម្របសម្រួលចំពោះបញ្ហាប្រឈមខាងលើនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ និងបន្ទាប់ពីប៉ុន្មានថ្ងៃជាប់ៗគ្នា មានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឲ្យជន់លិចតាមបណ្ដាផ្លូវមួយចំនួន និងផ្ទះសម្បែង បណ្ដាលមកពីការកកស្ទះប្រព័ន្ធលូបង្ហូររំដោះទឹកចេញ និងមានកត្តាគួបផ្សំផ្សេងៗទៀត ពិសេសនៅពេលភ្លៀងរាំង និងទឹកស្រកទៅវិញ សម្បូរទៅដោយធូលីដី និងកាកសំណល់សំរាម នៅត្រង់ចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

លោក ជា ខេមា បានលើកឡើងថា សម្រាប់បញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួនទៀត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមប្រាជ្ញា ស្មារតី និងឆន្ទៈ និងជាជំហ៊ានៗ ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានបន្ទាប់ពីការរៀបចំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈរជើងរក្សាការពារក្បួនតាមដងផ្លូវជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រៅពីការបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ដែលសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច» របស់រាជរដ្ឋាភិបាលកម្ពុជា៕