(ភ្នំពេញ)៖ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (កូរេខាងត្បូង) បានទទួលពានរង្វាន់ជា «ឯកអគ្គរាជទូតឆ្នើម» ប្រចាំឆ្នាំ២០២៤ ជាថ្មីម្តងទៀត កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅនេះ ដែលធ្វើឱ្យលោកស្រី ទទួលបានពានរង្វាន់នេះចំនួន៣ឆ្នាំជាប់ៗគ្នា។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News លោកស្រី ជ្រឹង បុទុមរង្សី មានមោទនភាពដែលបានទទួលពានរង្វាន់ជា ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ ៣លើកជាប់ៗគ្នានេះ។ លោកស្រីចាត់ទុកថា ពានរង្វាន់នេះគឺជាការលើកទឹកចិត្តដ៏ខ្លាំង មិនត្រឹមតែសម្រាប់តែលោកស្រីផ្ទាល់នោះទេ តែសម្រាប់មន្ត្រី និងបុគ្គលិកស្ថានទូតទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការតស៊ូប្រកបដោយភាពអត់ធ្មត់ខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ សំដៅលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

នេះជាលើកទី៣ហើយ ដែលលោកស្រីអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ទទួលបានពានរង្វាន់ខាងលើពី រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយលើកទី១ ទទួលបានកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ និងលើកទី២ ទទួលបានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ កត្តាដែលជំរុញឱ្យទទួលបានពានរង្វាន់នេះ ដោយសារសាធារណរដ្ឋកូរ៉េពិនិត្យឃើញថា អគ្គរាជទូតកម្ពុជាមានសកម្មភាពលេចធ្លោជាច្រើន តាំងពីឆ្នាំទី១ រួមមាន៖ ការផ្សព្វផ្សាយពីសក្ដានុពលប្រទេសកម្ពុជាដូចជា ពាណិជ្ជកម្ម កីឡា ទេសចរ និងបានរៀបចំកម្មវិធីផ្សព្វផ្សាយវប្បធម៌នៅតាមទីសាធារណៈ ហើយបានរៀបចំបង្ហាញពីភាពជាដៃគូររវាងប្រទេសទាំងពីរ។ លោកស្រីក៏បានជំរុញឱ្យមានអ្នកវិនិយោគទៅកាន់កម្ពុជា ដូចជាការផ្សព្វផ្សាយពីការនាំចេញនាំចូល នៃផលិតផលរបស់ប្រទេសទាំងពីរ ហើយសម្របសម្រួលជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េផងដែរ។ រៀងរាល់សកម្មភាពដែលលោកស្រីធ្វើកន្លងទៅ ភាគច្រើនបានផ្សាយនៅក្នុងសារព័ត៌មានកូរ៉េថែមទៀត។

នៅសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៤នេះ មានតែ លោកស្រីអគ្គរាជទូតកម្ពុជាប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់៣ឆ្នាំជាប់ៗគ្នា។ហើយរូបផ្កាយដែលមាននៅលើពានរង្វាន់របស់លោកស្រីបានបញ្ជាក់អំពី ការទទួលពានរង្វាន់៣ដងផងដែរ។

លោកស្រី ជ្រឹង បុទុមរង្សី បានបញ្ជាក់បន្ថែមថា គោលបំណងដែលលោកស្រីបានតាំងចិត្ត ក្រោយក្លាយជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនោះគឺ ជំរុញឱ្យមានទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ ផ្នែកសេដ្ឋកិច្ច ផ្នែកវិនិយោគ និងទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការអន្តរជាតិ នៃប្រទេសទាំង២ ឱ្យបានរីកចម្រើន ព្រមទាំងទទួលបានសមិទ្ធផល។ ចំណែកគោលបំណងទី២ គឺចង់ជួយប្រជាពលរដ្ឋខ្មែរប្រមាណ ៥៩០០០នាក់ ដែលរស់នៅប្រកបការងារ នៅសាធារណរដ្ឋកូរ៉េឱ្យទទួលបាន ការសម្របសម្រួល និងផ្ដល់សេវាកម្មល្អប្រសើរ។ ទន្ទឹមនឹងនេះ គោលបំណងទាំងអស់បានសម្រេចជោគជ័យ នៅឆ្នាំ២០២៤នេះ។

ឯកអគ្គរាជទូតកម្ពុជា បានអះអាងទៀតថា ភាពជោគជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ ក៏មិនអាចសម្រេចទៅបានដោយមិនមានការចង្អុលបង្ហាញ និងការលើកទឹកចិត្តពីប្រមុខរដ្ឋ និងថ្នាក់ដឹកនាំ នៃបណ្តាក្រសួង ស្ថាប័ននានា ដែលចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការងាររបស់ស្ថានទូត។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី បានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ ផ្តល់ការណែនាំ និងមធ្យោបាយនានា ដើម្បីឲ្យស្ថានទូតមានលទ្ធភាពអនុវត្តកិច្ចការងារប្រកបដោយភាពជោគជ័យបម្រើដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។ ឯកអគ្គរាជទូតកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណដល់ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជានិច្ចជាកាល បានលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការងាររបស់ស្ថានទូតផងដែរ។

សូមរំលឹកថា លោកស្រី ជ្រឹង បុទុមរង្សី ត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជំនួសអតីតឯកអគ្គរាជទូត លោក ឡុង ឌីម៉ង់ ដែលចប់អាណត្តិ៕