(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជា​ បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «ទំនាក់ទំនងអន្តរជាតិនៃអាស៊ីអាគ្នេយ៍»

ពិធីនេះធ្វើឡើងជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

អញ្ជើញចូលរួមក្នុងពិធីនោះ មានវត្តមាន លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត Jae Hyeok Shin នាយកវិទ្យាស្ថានសម្រាប់ចីរភាពនៃសាកលវិទ្យាល័យកូរ៉េ, លោកបណ្ឌិត Sung Kyu Kim នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ដោយចីរភាពនៃសាកលវិទ្យាល័យកូរ៉េ ព្រមជាមួយភ្ញៀវកិត្តិយស សិស្សនិស្សិត និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិផងដែរ។

កត្តាដែលជំរុញដោយមានបាឋកថានេះ ដោយសារតែក្នុងបរិបទបច្ចុប្បន្ន ការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងមហាអំណាចសហរដ្ឋអាមេរិកនិងចិន អាចធ្វើឱ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រទេសអំណាចតូចទទួលរងសម្ពាធតិច ឬច្រើនពីប្រទេសមហាអំណាចទាំងពីរនេះ។ ប្រទេសនីមួយៗតែងតែគិតថា តើគួរប្រើគោលនយោបាយការបរទេសរបៀបណា ដើម្បីទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមយុទ្ធសាស្រ្តរបស់ប្រទេសនីមួយៗ។

ប្រធានបទនៃបាឋកថា «ទំនាក់ទំនងអន្តរជាតិនៃអាស៊ីអាគ្នេយ៍» រៀបចំឡើង ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីទិដ្ឋភាពក្រោយ និងទស្សនវិស័យនៃអាស៊ីអាគ្នេយ៍ និងអាស៊ាន និងរបៀបឆ្លើយតបទៅនឹងបញ្ហា ជាពិសេសទទួលបានការយល់ដឹងកាន់តែប្រសើរឡើង អំពីទិដ្ឋភាពរួមនៃអាស៊ីអាគ្នេយ៍ និងអាស៊ាន ជាពិសេសការយល់ដឹងស៊ីជម្រៅអំពីផលប៉ះពាល់ដែលអាចកើតមាននៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងក្រៅតំបន់៕