(ភ្នំពេញ)៖ មានសុភាសិតចិនមួយឃ្លាដែលគេគ្រប់គ្នាសុទ្ធតែបានដឹងគឺ «បើចង់ក្លាយជាអ្នកមាន ត្រូវកសាងផ្លូវជាមុនសិន»។ មើលទៅពាក្យពេចន៍ហាក់ដូចជាសាមញ្ញ តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយពិតជាត្រឹមត្រូវ និងជាក់លាក់ណាស់ ពីព្រោះមនុស្សម្នាក់ៗដែលរស់នៅលើភពផែនដីនេះ បើសិនជាចង់រស់ឱ្យសុខស្រួល ចាំបាច់ត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះហើយភាពងាយស្រួលនៃ ការដឹកជញ្ជូន និងចរាចរណ៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតរបស់មនុស្សនៅក្នុងភូមិមួយ ឬក៏ក្នុងប្រទេសមួយទាំងមូល។

ដោយសារចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ប្រទេសផ្សេងៗនៅជុំវិញពិភពលោកកំពុងអភិវឌ្ឍដីដែលទំនេរគ្មានការដាំដុះ ដើម្បីពង្រីកលំនៅដ្ឋាន ឧស្សាហកម្ម និងកសិកម្ម ហើយការកសាងផ្លូវថ្នល់ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ប្ទេសកម្ពុជា គឺមិនខុសពីប្រទេសដទៃទៀត បានខិតខំកសាង និងពង្រីកទាំងទីក្រុងនិងជនបទ ដោយបានសាងសង់ផ្លូវខ្វាត់ខ្វែង ដើម្បីតភ្ជាប់គ្នាគ្រប់ទិសទី។

សូមយកទីក្រុងភ្នំពេញជាឧទាហរណ៍ កាលពីដើមឡើយទីក្រុងភ្នំពេញគឺជាវាលភក់ ដោយសារចំនួនប្រជាជនកើនឡើងនោះ វាត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗ និងផ្លូវធំទូលាយ ឈ្មោះនៃតំបន់ខ្លះរបស់ទីក្រុងនេះ បានបន្សល់ទុកនូវស្លាកស្នាមប្រវត្តិសាស្ត្ររបស់ពួកគេ ដូចជាពាក្យថា «អូរឬស្សី» កាលដើមឡើយ គឺជាអូរដែលសម្បូរទៅដោយដើមឫស្សី ហើយតំបន់ខ្លះហៅថា «ទឹកល្អក់», «ទឹកថ្លា» និង«បឹងកក់» កាលដើមឡើយ គឺជាបឹងដែលសម្បូរទៅដោយដើមកក់។ពាក្យ «ទួលគោក»និង«ទួលស្លែង» គឺជាភ្នំតូចៗពីរកន្លែង។ ចំណែកឯពាក្យ «បាក់ទូក» គឺជាកន្លែងធ្លាប់មានកប៉ាល់ខូចមួយនៅទីនោះ...

ការដឹកជញ្ជូនតាមផ្លូវគោករបស់ប្រទេសកម្ពុជា ដោយយករាជធានីភ្នំពេញជាចំណុចកណ្តាល ហើយមានផ្លូវជាតិសំខាន់ៗចំនួន ៧ខ្សែ គឺផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៦ និង៧ ត្រូវបានរៀបចំតាមទ្រនិចនាឡិកាពីទិសខាងកើត និងឆ្ពោះទៅកាន់តំបន់ផ្សេងទូទាំងប្រទេស និងតភ្ជាប់ទៅកាន់ប្រទេសវៀតណាម ថៃ និងឡាវ។ បច្ចុប្បន្ននេះ លើកលែងតែផ្លូវជាតិលេខ៤ ដែលមានសាងសង់ជាផ្លូវល្បឿនលឿន ផ្លូវផ្សេងៗទៀតគឺជាផ្លូវក្រាលកៅស៊ូ ដែលមានកំណត់ល្បឿនក្រោម១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប៉ុន្តែផ្លូវទាំងអស់សុទ្ធតែបានពង្រីកជួសជុល និងដំឡើងកម្រិត ធ្វើឱ្យស្ថានភាពផ្លូវនានា គឺល្អជាងមុនច្រើន។

ក្រៅពីផ្លូវគោក រាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផ្លូវអាកាស និងនាវាចរណ៍ អាកាសយានដ្ឋានកាន់តែច្រើនកំពុងត្រូវបានសាងសង់ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងកោះកុង... ហើយអាកាសយានដ្ឋានកាន់តែមានទំហំធំជាងមុន និងកាន់តែមានភាពទាក់ទាញ និងសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រុមហ៊ុន និងមនុស្សគ្រប់គ្នាដែលចាប់អារម្មណ៍ក្នុងការវិនិយោគ ឬចង់មកទស្សនាជុំវិញប្រទេសកម្ពុជា។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចាប់ផ្តើមគម្រោងដ៏ធំមួយទាក់ទងនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន គឺគម្រោងព្រែកជីក និងការអភិវឌ្ឍការដឹកជញ្ជូនតាមសមុទ្រ។ អ្នករាល់គ្នាសុទ្ធតែបានដឹងហើយថា ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសមានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន បើនិយាយពីល្បឿននៃការដឹកជញ្ជូន ការដឹកជញ្ជូនតាមផ្លូវអាកាស គឺលឿនជាងគេប៉ុន្តែតម្លៃក៏ថ្លៃជាងគេបំផុត។ បើនិយាយពីតម្លៃនៃការដឹកជញ្ជូនវិញ ការដឹកជញ្ជូនតាមសមុទ្រ គឺថោកបំផុតហើយក៏មានបរិមាណច្រើនជាងគេ ហើយក៏សមស្របដឹកជញ្ជូនរបស់ដែលមានទំហំធំ ដូចជាគ្រឿងចក្រ សារធាតុរ៉ែ និងស្បៀងអាហារ ប្រេងឥន្ធនៈ សុទ្ធតែត្រូវដឹកជញ្ជូនតាមសមុទ្រ។ ភាគនិរតី នៃប្រទេសកម្ពុជា គឺមានឆ្នេរសមុទ្រដ៏វែង និងកំពង់ផែជាច្រើន តែគួរឱ្យស្តាយដែលកំពង់ផែសមុទ្រទាំងនេះនៅឆ្ងាយពីរាជធានី។ ម្យ៉ាងវិញទៀត តំបន់ភាគនិរតី និងតំបន់កណ្តាលរវាងគ្នានឹងគ្នាត្រូវបានរាំងស្ទះដោយជួរភ្នំក្រវាញ ហើយមិនមានផ្លូវច្រើនទេ ធ្វើឱ្យទំនិញមកដល់កំពង់ផែសមុទ្រ ភាគច្រើនត្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ ដឹកជញ្ជូនទៅកាន់ទីក្រុងភ្នំពេញ។ ផ្ទុយទៅវិញ ការនាំចេញពីកន្លែងផ្សេងៗត្រូវតែដឹកជញ្ជូនតាមផ្លូវគោកមកកាន់កំពង់ផែជាមុន ជាហេតុនាំឱ្យទំនិញភាគច្រើនត្រូវតែមានការ ដឹកជញ្ជូនតាមផ្លូវគោកផង និងផ្លូវសមុទ្រផង ធ្វើឱ្យការលើកដាក់ទំនិញឡើងចុះច្រើនដង ខាតទាំងកម្លាំងកម្មកម្ម និងខាតទាំងពេលវេលា ហើយខ្លះទៀតត្រូវរក្សារទំនិញទុកក្នុងឃ្លាំង ដើម្បីរង់ចាំកាលបរិច្ឆេទនៃការដឹកជញ្ជូន ធ្វើឱ្យថ្លៃដើមកើនឡើងច្រើន។

មានកំពង់ផែទឹកសាបមួយនៅទន្លេមេគង្គក្នុងរាជធានីភ្នំពេញ ថ្វីត្បិតតែវាអាចដំណើរការកប៉ាល់ទៅដល់សមុទ្របាន ប៉ុន្តែត្រូវឆ្លងកាត់ប្រទេសវៀតណាមរាប់រយគីឡូ ដើម្បីចេញទៅកាន់សមុទ្រក្នុងទឹកដីរៀតណាម។ ទន្លេមេគង្គជាទន្លេអន្តរជាតិ កម្ពុជាមានសិទ្ធិធ្វើនាវាចរណ៍ ប៉ុន្តែត្រូវបង់ពន្ធនៅពេលឆ្លងកាត់ចូលទឹកដីរៀតណាម ធ្វើឲ្យថ្លៃដឹកជញ្ជូនកើនឡើង លើសពីនេះទៀត ម្តងម្កាលបើមានបញ្ហា នឹងមានការរឹតបន្តឹងខ្លះថែមទៀត និយាយជារួមជំនួញដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសគេ គឺចៀសមិនផុតត្រូវមើលទឹកមុខគេនោះទេ។ ប៉ុន្តែពេលនេះ ពិតជាប្រសើណាស់ ទេវតាបានជួយនិងប្រទានពរដល់ប្រទេសកម្ពុជា ពីព្រោះមេដឹកនាំក្នុងប្រទេសកម្ពុជាបាន គិតគូរយ៉ាងខ្លាំងដល់ការកសាងព្រែកជីក នេះគឺជាដង្ហើមដ៏សំខាន់នៅថ្ងៃអនាគត ដើម្បីបង្កើតច្រកចេញចូលតាមផ្លូវទឹកពីក្រុងភ្នំពេញ និងខេត្តជាប់ទន្លេទាំងអស់ទៅកាន់សមុទ្រ។

កាលពីមុន ការជីកគម្រោងព្រែកជីក គឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែបច្ចុប្បន្ននេះ ការជីក ការដឹកជញ្ជូន ការចាក់ដីបំពេញ និងការងារផ្សេងទៀត វាកាន់តែងាយស្រួលជាងមុនក្នុងគម្រោងព្រែកជីក ដោយសារមានការប្រើប្រាស់ម៉ាស៊ីនជំនួសកម្លាំងពលកម្មមនុស្ស។

នៅក្នុងពិភពលោកនេះ មានគម្រោងព្រែកជីកជាច្រើន បានផ្តល់អត្ថប្រយោជន៍ឥតគណនាមកដល់ប្រទេសជាច្រើនក្នុងពិភពលោក សបញ្ជាក់ឱ្យឃើញថា គម្រោងព្រែកជីកនៅក្នុងប្រទេសចាំបាច់នឹងផ្តល់អត្ថប្រយោជន៍ជាអនេកកប្បការដល់មនុស្សជំនាន់ក្រោយ។ ការសាងសង់គម្រោងព្រែកជីកនៅក្នុងប្រទេសកម្ពុជា ពិតណាស់នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនក្នុងប្រទេស។

ការនាំចូល និងនាំចេញទំនិញរបស់កម្ពុជាតែងតែផ្អែកលើទីក្រុងភ្នំពេញ បន្ទាប់ពីការមានច្រកចេញចូលសមុទ្រនឹងជួយសន្សំសំចៃ ថ្លៃដឹកជញ្ជូនឆ្លងកាត់ប្រទេសផ្សេងៗ កាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែង ជាពិសេស ការចំណាយនេះពិតជាមិនតិចទេ បើតាមស្ថិតិក្រៅផ្លូវការបានបង្ហាញថា ទំនិញកម្ពុជាចំនួន ប្រហែល២លានតោន ត្រូវបង់ថ្លៃដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសផ្សេងជារាល់ឆ្នាំ ដើម្បីអាចចូលទៅសមុទ្រតាមច្រកទន្លេមេគង្គប្រទេសវៀតណាម។

ការដាក់ឈ្មោះគម្រោងព្រែកជីកនេះថា «គម្រោងព្រែកជីកហ្វូណនតេជោ» ពិតជា មានអត្ថន័យយ៉ាងជ្រាលជ្រៅ។ «តេជោ» បានន័យថាជាពាក្យបាលីមានន័យថា អំណាច អានុភាពនៃកម្លាំង គឺជាគោរម្យងារដែលមហាក្សត្របានប្រសិទ្ធនាមឱ្យជាវីរជនក្នុងប្រទេសកម្ពុជា នាសម័យបុរាណ។ ជាយូរយារណាស់មកហើយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គោរម្យងារ «តេជោ» ដល់ឥស្សរជន ដែលបានរួមចំណែកយ៉ាងធំធេងដល់ប្រទេសជាតិ។ ហើយនាសម័យបច្ចុបន្បនេះ សម្ដេចហ៊ុន សែន គឺបានទទួលគោរម្យងារដ៏ថ្លៃថ្លានេះ។ ចំណែកពាក្យថា «ហ្វូណន» គឺជាឈ្មោះរបស់ប្រទេសកម្ពុជាមុនសម័យអង្គរ និងសម័យចេនឡា។ អាណាចក្រហ្វូណន មានអំណាចខ្លាំងណាស់នៅសម័យកាលនោះ ហើយទឹកដីរបស់ហ្វូណន គឺមានទំហំធំជាងបច្ចុប្បន្នយ៉ាងខ្លាំងណាស់ ដោយរួមទាំងទឹកដីនៃប្រទេសជិតខាងកម្ពុជាសព្វថ្ងៃទៀតផង។ «ហ្វូណន តេជោ» គឺបង្ហាញពីការចងចាំ និងការគោរពចំពោះវីរៈបុរសជាតិ និងបង្ហាញពីការចង់ឲ្យប្រទេសមានភាពរឹងមាំរុងរឿង និងមិនត្រូវបានអ្នកដទៃ «ច្របាច់ក»។

ការផ្លាស់ប្តូរប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ច្រកចេញទៅកាន់សមុទ្រនៃទន្លេមេគង្គធ្លាប់ជារបស់អាណាចក្រហ្វូណន ឥឡូវនេះបានក្លាយទៅជារបស់ប្រទេសផ្សេង គ្មានផ្លូវអាចធ្វើឱ្យអតីតកាលកើតឡើងម្តងទៀតបានទេ បើប្រទេសកម្ពុជាចង់មាន «ផ្លូវទឹកមាស» របស់ខ្លួនគឺមានតែរកមធ្យោបាយផ្សេងប៉ុណ្ណោះ ដើម្បីឱ្យទន្លេមេគង្គមានអភូតហេតុ «នាគទិព្វបក់កន្ទុយ» នៅក្នុងប្រទេសកម្ពុជា ហើយបក់ «កន្ទុយ» ទៅកាន់កំពង់ផែខេត្តកែប។ ចាប់ពីពេលនេះតទៅ កប៉ាល់អន្តរជាតិរបស់កម្ពុជា នឹងអាចចាកចេញពេលណាក៏បាន តាមចិត្តចង់របស់ខ្លួន ដោយមិនចាំបាច់ដាក់ពាក្យស្មើសុំ និងបង់ថ្លៃដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសផ្សេងទៀតទេ ដូច្នេះពិតជាមានភាពងាយស្រួល និងគ្មានការរំខានអ្វីឡើយ!

នេះជាព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយ ដូច្នេះសម្តេច ហ៊ុន សែន បានស្នើរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចាប់ផ្តើមការសាងសង់គម្រោងព្រែកជីកនេះ ធ្វើការវាយគង វាយស្គរ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរនៅទូទាំងប្រទេស។ យើងទាំងអស់គ្នារង់ចាំថ្ងៃនេះ មកដល់ដល់យូរហើយ យើងទន្ទឹងរង់ចាំថ្ងៃដែលបើកការដ្ឋានសាងសង់ ហើយកាន់តែទន្ទឹងរង់ចាំ ថ្ងៃដែលគម្រោងព្រែកជីកនេះ ត្រូវបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ គម្រោងព្រែកជីកហ្វូណនតេជោត្រូវតែទទួលបានជោគជ័យ !

បកប្រែទាំងស្រុង៖ បទអត្ថាធិប្បាយរបស់ស៊ីស៊ីថាមស៍ភាសាចិន