(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​អនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញ​ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សស្រុកកណ្ដាលស្ទឹង ជាងមួយរយ​នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ដោយ​មានការអញ្ជើញចូលរួមពីតំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារគណៈពង្រឹង​ផង​ដែរ។

ជាកិច្ចចាប់ផ្តើមសំណេះសំណាល លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បាននាំយក​ប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកអ្នកឧកញ៉ា បានគូសរំលេចថា សម្តេចទាំង៣ តែងតែនឹករលឹក និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស​នៅ​តាមមូលដ្ឋានគ្រប់រូប ដែលបានប្រឹងប្រែងកិច្ចការនយោបាយ ហើយធ្វើឱ្យបក្សទទួល​បានការគាំទ្រ និងឈ្នះរាល់ព្រឹត្តិការណ៍បោះឆ្នោត។

លោកអ្នកឧកញ៉ា ដែលជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈ​ជា​​ប្រធានព្រឹទ្ធសភា បានលើកឡើងផងដែរថា សមាជិក សមាជិកាបក្សនៅតាមមូល​ដ្ឋានជាប្រតិបត្តិករដ៏សំខាន់ក្នុងការជួយឱ្យបក្សខ្លាំង បក្សមានប្រជាប្រិយភាព។ ក្នុងនាម​លោក​កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏ដូចជាក្រុមការងារបក្សចុះពង្រឹងស្រុក​កណ្តាល​ស្ទឹងទាំងអស់ លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះភក្តីភាព និងការប្រឹងប្រែងរបស់សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាល​ស្ទឹង ដើម្បីបក្សប្រជាជនកម្ពុជា។

«បក្សប្រជាជនកម្ពុជា គឺជាបក្សដែលបានរំដោះអាយុជីវិតរបស់យើងចេញពីរបប​ប្រ​ល័យ​​ពូជ​សាសន៍ បក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំដទៃទៀត បានធ្វើឱ្យជាតិយើងមានសុខសន្តិភាព មានការរីកចម្រើន ដូច្នេះយើងគ្រប់គ្នាត្រូវតែបន្តប្រឹងប្រែងកសាងប្រជាប្រិយភាពជូន​បក្ស​របស់យើង»។ នេះជាការក្រើនរំលឹករបស់លោកអ្នកឧកញ៉ា ទ្រី ភាព ទៅកាន់ក្រុម​ការ​ងារ ថ្នាក់​ដឹកនាំ និងសមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹង។

ដើម្បីបន្សល់នូវអនុស្សាវរីយ៍ក្នុងនាមជាថ្នាក់ដឹកនាំពង្រឹងការងារបក្សក្នុងស្រុកកណ្តាលស្ទឹង និងមានកន្លែងបំពេញការងារឱ្យកាន់តែប្រសើររបស់បក្សក្នុងស្រុកកណ្តាលស្ទឹង​នោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសសាងសង់អគារទីស្នាក់ការថ្មីរបស់បក្ស​ក្នុងស្រុកកណ្តាលស្ទឹងផងដែរ។ លោកអ្នកឧកញ៉ា បានលើកឡើងបក្សរឹងមាំ ទើបបក្ស​ឈានទៅឈ្នះការបោះឆ្នោត និងឈានទៅដឹកនាំរាជរដ្ឋាភិបាល ដូច្នេះក្នុងនាមជាបក្ស​ដែលខ្លាំង ក៏ត្រូវតែមានទីស្នាក់ការ និងកន្លែងសម្រាប់សមាជិក សមាជិកាធ្វើការងារ​ស្អាត​ល្អផងដែរ។

ក្នុងកិច្ចសំណេះសំណាលនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បន្តក្រើនរំលឹកដល់ក្រុម​ការ​ងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹង បន្តយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់សមាជិក សមាជិកា ហើយត្រូវបន្តយកចិត្តទុកដាក់ក្នុងការកសាង​កម្លាំងបក្សបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ាបណ្ឌិត ក៏បាននាំថវិកា​ប្រមាណជា ៥៩លានរៀលជូនដល់បក្សតាមបណ្តាឃុំ ក៏ដូចជាជូនដល់សមាជិក សមាជិកាបក្សដែលបានចូលរួមក្នុងពិធីសំណេះសំណាល៕