(សៀមរាប)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានអំពាវនាវដល់អ្នកដែលប្រកបរបរ ទាក់ទងនឹងវិស័យទេសចរណ៍ទាំងរដ្ឋ និងឯកជន ត្រូវបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ ដោយភាពទន់ភ្លន់ និងរាក់ទាក់ ដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាកាន់ច្រើន។ លោកបន្តថា ចៀសវាងការនិយាយមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលធ្វើឲ្យភ្ញៀវទេសចរធុញនឹងយើង ហើយគេលែងចង់មកទៀត នេះហើយដែលជាការណ៍ ដែលធ្វើឲ្យបាត់ប្រយោជន៍ខ្លួននោះ។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក លី សែ នេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្ដាញសង្គមមួយចំនួន មានការបង្ហោះវីឌីអូបង្ហាញអំពីបញ្ហាមិនសូវមានភ្ញៀវទេសចរ មកកម្សាន្តខេត្តសៀមរាប ច្រើនដូចមុនទេ ហើយក៏មានការចែករំលែកបន្តគ្នាផងដែរ។

លោក លី សែ បានបន្តថា ភ្ញៀវទេសចរដែលមកទិញសំបុត្រ ដើម្បីចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងមួយថ្ងៃមានចំនួនពី១៦០០នាក់ ទៅ១៨០០នាក់ជាង មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ លោករំពឹងថា នឹងមានការកើនឡើងថែមទៀត ដោយសារនេះសម្រាកច្រើន។ ក្នុងនោះ រយៈពេល៦ខែ ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរ បានកើនឡើង៣៦ភាគរយ។

លោកបន្តថា ចំពោះស្ថិតិភ្ញៀវទេសចរដែលបានទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ រួមមាន៖ ១- សហរដ្ឋអាមេរិក, ២- ចក្រភពអង់គ្លេស, ៣- បារាំង, ៤- កូរ៉េខាងត្បូង, ៥- ចិន, ៦- ជប៉ុន, ៧- អាល្លឺម៉ង់, ៨- អូស្ត្រាលី, ៩- ឥណ្ឌា, ១០- វៀតណាម, ១១- រុស្ស៊ី, ១២- អេស្ប៉ាញ, ១៣- អ៊ីតាលី, ១៤- ថៃ, ១៥- កាណាដា, ១៦- ប៉ូឡូញ, ១៧- នេហឺឡង់, ១៨- ហ្វីលីពីន, ១៩- ស្វីស, ២០-បែលហ្សិក និងប្រទេសផ្សេងៗទៀតផងដែរ។

លោក លី សែ បានបន្តទៀតថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងយន្តហោះចុះក្នុងមួយថ្ងៃ មានពី១៧ ទៅ២០ជើង និងមានជើងហោះត្រង់មួយចំនួនផងដែរ។

លោកបានបញ្ជាក់ គ្រឹះស្ថានអង្គរ អ្នកលក់ចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពុងផែចុងឃ្នៀស ដើម្បីរកចំណូលចូលរដ្ឋជាក់ស្តែង ហើយយើងមិនអាចនិយាយថាមានភ្ញៀវទេសចរ តែអត់បង់លុយចូលរដ្ឋ គឺអត់បានទេ បងប្អូនអាចចូលទៅមើលតួរលេខក្នុងវើបសាយគ្រឹះស្ថានអង្គរ ហើយតួរលេខនោះវាលោតឡើងរហូតនៅពេលភ្ញៀវទិញសំបុត្រ និងបានបង់លុយរួច។ ហើយក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានរកចំណូលបានជាង២៤លានដុល្លារ។

លោក លី សែ ទទួលស្គាល់ថា តួរ​លេខ​ភ្ញៀវទេសចរបច្ចុប្បន្ននេះ មិនអាចធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដនោះទេ តែពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរ មានការកើនឡើងផងដែរ សូមបងប្អូនដែលប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ សូមមានការអត់ធ្មត់ ព្រោះយើងត្រូវការពេលវេលា ហើយរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាជានាយករដ្ឋមន្ត្រី ក៏លោកខិតខំស្វះស្វែងផងដែរ៕